អ្នកទោសជាង ២០០នាក់រត់គេចចេញពីពន្ធនាគារប៉ាគីស្ថាន បន្ទាប់ពីមានគ្រោះរញ្ជួយដីបំផ្លាញជញ្ជាំងពន្ធនាគារ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ -- អភិបាលខេត្តស៊ីនដ៍ នៅភាគខាងត្បូងទីក្រុងការ៉ាជី លោក មូរ៉ាដ អាលី ស្សាហ៍ (Murad Ali Shah) បាននិយាយកាលពីថ្ងៃអង្គារថា អ្នកទោសជាង ២០០នាក់បានរត់គេចខ្លួនពីពន្ធនាគារមួយនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុងការ៉ាជី បន្ទាប់ពីមានគ្រោះរញ្ជួយដីមួយបានបំផ្លាញជញ្ជាំងពន្ធនាគារនោះ។
លោកអភិបាលខេត្តបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃច័ន្ទ នៅពេលដែលអ្នកទោសបានរត់គេចខ្លួនតាមជញ្ជាំងដែលរងការខូចខាតនៅក្នុងពន្ធនាគារ Malir ដែលត្រូវបានរងផលប៉ះពាល់ដោយការរញ្ជួយកម្រិតទាបនៅក្នុងតំបន់នោះចាប់តាំងពីថ្ងៃអាទិត្យមក។
លោក ស្សាហ៍ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងការ៉ាជីថា «អ្នកទោសទាំងនោះត្រូវបានគេចចេញពីពន្ធនាគារដោយសារការរញ្ជួយដីមួយ។ លោកបានបន្តថា ប៉ូលិសមួយចំនួនបានរងរបួសផងដែរ។
លោកបានបន្ថែមថា អ្នកទោសប្រហែល ២១៦នាក់បានរត់គេចខ្លួន ខណៈដែលអ្នកទោសពី ៨០នាក់ទៅ ៨២នាក់ត្រូវបានចាប់ខ្លួនមកវិញរហូតមកដល់ពេលនេះ។
ដោយហៅឧបទ្ទវហេតុនេះថា «ជារឿងគួរឱ្យព្រួយបារម្ភ» លោកបាននិយាយថា «មានអ្នកទោសជាង ៦.០០០នាក់នៅក្នុងពន្ធនាគារ Malir ហើយរដ្ឋបាលពន្ធនាគារបាននាំពួកគេចេញពីពន្ធនាគារនៅពេលនោះ ហើយអ្នកទោសខ្លះក៏បានរត់គេចខ្លួននៅក្នុងហ្វូងអ្នកទោសទាំងនោះតែម្តង»។
លោកបានព្រមានថា អ្នកទោសទាំងអស់ដែលបានរត់គេចខ្លួនគួរតែត្រឡប់មកវិញជាបន្ទាន់ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខនឹងករណីល្មើសក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





