តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេសឡាវធ្វើទស្សនកិច្ចផ្លូវដែកចិន-ឡាវ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេសឡាវបានទៅទស្សនកិច្ចផ្លូវដែកចិន-ឡាវ ដើម្បីស្វែងយល់អំពីសមិទ្ធិផលរបស់គម្រោងនេះក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

តបតាមការអញ្ជើញរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ លោក ហ្វាង ហុង (Fang Hong) អ្នកតំណាងប្រមាណជិត ២០នាក់មកពីទីភ្នាក់ងារចំនួន១០ របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសឡាវ រួមទាំងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងអង្គការពលកម្មអន្តរជាតិ (ILO) បានជិះរថភ្លើងនៅស្ថានីយ៍រថភ្លើងក្រុងវៀងច័ន្ទន៍នៃផ្លូវដែកចិន-ឡាវកាលពីថ្ងៃសុក្រសប្តាហ៍មុន។
នៅតាមដងផ្លូវ ក្រុមអ្នកតំណាងបានទៅទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួន ដែលរួមមានស្ថានីយ៍រថភ្លើងវ៉ាងវៀង សាលពាណិជ្ជកម្មដឹកជញ្ជូនទំនិញវ៉ាងវៀង និងយ៉ាត ស្ថានីយ៍រថភ្លើងហ្លួងប្រាបាង និងមជ្ឈមណ្ឌលគ្រប់គ្រងថែទាំហ្លួងប្រាបាង។

នៅក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូបានពិភាក្សាស៊ីជម្រៅជាមួយប្រតិបត្តិករផ្លូវដែក និងបុគ្គលិក ដើម្បីទទួលបានការយល់ដឹងយ៉ាងទូលំទូលាយអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ប្រតិបត្តិការអ្នកដំណើរ និងការដឹកជញ្ជូន ប្រព័ន្ធគ្រប់គ្រង ពិធីសារសុវត្ថិភាព និងការអភិវឌ្ឍកម្លាំងពលកម្ម។
អ្នកតំណាងអង្គការសហប្រជាជាតិបានកោតសរសើរផ្លូវដែកចិន-ឡាវសម្រាប់ផលប្រយោជន៍ជាវិជ្ជមានទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសឡាវ។ ពួកគេបានលើកឡើងអំពីតួនាទីរបស់ផ្លូវរថភ្លើងនេះក្នុងការកែលម្អភាពងាយស្រួលក្នុងការធ្វើដំណើរ ផ្តល់ការបណ្តុះបណ្តាល និងឱកាសការងារសម្រាប់យុវជនឡាវ ជំរុញវិស័យទេសចរណ៍ និងការពង្រឹងការតភ្ជាប់ក្នុងតំបន់។
គណៈប្រតិភូក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយផ្លូវដែកដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសឡាវបន្ថែមទៀតផងដែរ។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសឡាវ លោក បាខូឌៀ ប៊ូខាណូវ (Bakhodir Burkhanov) បានកត់សម្គាល់ថា ផ្លូវដែកចិន-ឡាវ បានពង្រឹងយ៉ាងខ្លាំងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសឡាវ ពង្រឹងការតភ្ជាប់រវាងខេត្ត និងសហគមន៍ និងបង្កើនភាពងាយស្រួលសម្រាប់ទាំងប្រជាជន និងភ្ញៀវទេសចរ។
លោកបាននិយាយបន្ថែមថា ផ្លូវដែកនេះមានសក្ដានុពលខ្លាំង ហើយអង្គការសហប្រជាជាតិនឹងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕
ដោយ៖ យា ចិន្តាខន្តី





