អ្នកនាំពាក្យក្រសួងការពារជាតិចិន៖ សហរដ្ឋអាមេរិកកេងប្រវ័ញ្ចទៅលើកិច្ចសន្ទនាសាងរី-ឡា ដើម្បីបង្កើតជម្លោះ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យការពារជាតិចិនបាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកតែងតែកេងប្រវ័ញ្ចទៅលើកិច្ចសន្ទនាសាងរី-ឡា (Shangri-La) ដើម្បីបង្កើតជម្លោះ ញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា និងបន្តផលប្រយោជន៍របស់ខ្លួន។លោក ហ្សាង សៀកាង (Zhang Xiaogang) អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិនបានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការប្រឆាំងទៅនឹងការកត់សម្គាល់អវិជ្ជមានទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ភែត ហេកសេត (Pete Hegseth) នៅឯកិច្ចសន្ទនាសាងរី-ឡា លើកទី២២ នៅក្នុងប្រទេសសិង្ហបុរី។លោក ហ្សាង បាននិយាយថា ការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក គឺពោរពេញទៅដោយតក្កវិជ្ជាអនុត្តរភាព យុទ្ធសាស្ត្រសម្លុត និងចិត្តគំនិតសង្រ្គាមត្រជាក់។

លោកបាននិយាយថា «ពួកគេបានរំលោភទៅលើអធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ បង្ខូចគោលជំហរគោលនយោបាយរបស់ប្រទេសចិន ដោយមិនអើពើទៅនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសក្នុងតំបន់ក្នុងការលើកកម្ពស់វិបុលភាព និងស្ថិរភាព និងបង្កើតគម្លាតយ៉ាងធ្ងន់ធ្ងរពីសេចក្តីប្រាថ្នាជាសកលសម្រាប់សន្តិភាព និងការអភិវឌ្ឍ។ យើងសូមសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាត»។សកម្មភាពជាឯកតោភាគីរបស់សហរដ្ឋអាមេរិកនឹងទទួលបានការតបតវិញ
លោក ហ្សាង បាននិយាយថា សហគមន៍អន្តរជាតិមើលឃើញយ៉ាងច្បាស់នូវអ្វីដែលសហរដ្ឋអាមេរិកបានធ្វើ។
សហរដ្ឋអាមេរិកបានផ្តួចផ្តើមនូវសង្គ្រាមពន្ធ និងពាណិជ្ជកម្ម ដោយដាក់ពន្ធលើសទម្ងន់ជាសកលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកបាននិយាយថា វាបានបង្កើតឡើងនូវការប្រឈមមុខដាក់គ្នាក្នុងប្លុក ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមបណ្តាប្រទេសផ្សេងៗ។
លោកបានបន្ថែមថា វាក៏បានពង្រឹងការដាក់ពង្រាយយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការធ្វើអន្តរាគមន៍ទាំងស្រុងក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេងៗ និងការញុះញង់ឱ្យមានភាពតានតឹងផងដែរ។
លោក ហ្សាង បាននិយាយថា ការពិតបានបង្ហាញម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកកំពុងប្រឆាំងនឹងជំនោរនៃពេលវេលា និងធ្វើសកម្មភាពជាឯកតោភាគី ដែលនឹងធ្វើឱ្យមានប្រតិកម្មលើខ្លួនឯងវិញតែប៉ុណ្ណោះ។
បញ្ហាកោះតៃវ៉ាន់
ដោយកត់សម្គាល់ថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធនោះ លោក ហ្សាង បាននិយាយថា សហរដ្ឋអាមេរិកគ្មានសិទ្ធិធ្វើការកត់សម្គាល់មិនទទួលខុសត្រូវ ឬប៉ុនប៉ងប្រើប្រាស់វាជាបន្ទះឈីបសម្រាប់កិច្ចចរចាណាមួយដើម្បីទប់ទល់នឹងប្រទេសចិននោះទេ។
លោកបាននិយាយថា កងទ័ពរំដោះប្រជាជនចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ហើយនឹងកំទេចយ៉ាងចោលនូវគម្រោងបំបែកខ្លួន «ឯករាជ្យកោះតៃវ៉ាន់» និងការជ្រៀតជ្រែកពីខាងក្រៅណាមួយ។
លោកបានបន្ថែមថា «ការប្តេជ្ញាចិត្តរបស់យើងគឺមិនផ្លាស់ប្តូរនោះទេ ហើយសមត្ថភាព និងមធ្យោបាយរបស់យើងគឺមានភាពរឹងមាំ និងអាចទុកចិត្តបាន»។
បញ្ហានៅសមុទ្រចិនខាងត្បូង
អ្នកនាំពាក្យចិនរូបនេះបានកត់សម្គាល់ថា សមុទ្រចិនខាងត្បូងត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្លូវដឹកជញ្ជូនដ៏មមាញឹក និងមានសុវត្ថិភាពបំផុតមួយ។
លោកបាននិយាយថា ប្រទេសចិននឹងបន្តដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា និងពិគ្រោះយោបល់ជាមួយបណ្តាប្រទេសពាក់ព័ន្ធ រក្សាអធិបតេយ្យភាពដែនដី និងសិទ្ធិដែនសមុទ្រស្របតាមច្បាប់ និងសហការជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីកសាងសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
លោក ហ្សាង បាននិយាយថា សហរដ្ឋអាមេរិកកំពុងងាកទៅរកការសាបព្រួសភាពវឹកវរនៅក្នុងសមុទ្រចិនខាងត្បូង ដោយបង្កើតសម្ព័ន្ធភាព និងបង្កបញ្ហា ដែលជាការគំរាមកំហែងដ៏ធំបំផុតដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ចិនជាអាណាព្យាបាល អ្នកជំរុញសន្តិភាព និងការអភិវឌ្ឍ
អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនតែងតែជាអ្នកការពារ និងអ្នកជំរុញសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកបាននិយាយថា យោធាចិននឹងធ្វើការរួមគ្នាជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីរួមគ្នាប្រឆាំងនឹងអនុត្តរភាពដែលបង្កគ្រោះថ្នាក់ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រឆាំងនឹងការទទួលយកជម្លោះភូមិសាស្ត្រនយោបាយចូលទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទប់ទល់នឹងប្រទេស ឬកម្លាំងណាមួយដែលបង្កើតភាពវឹកវរ។
លោកបានបន្ថែមថា ប្រទេសចិននឹងអនុវត្តយ៉ាងសកម្មនូវគោលគំនិតនៃសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងគំនិតផ្តួចផ្តើមជាសកលទាំងបីដែលស្នើឡើងដោយប្រទេសចិន ហើយនឹងធ្វើការរួមគ្នាជាមួយប្រទេសដទៃទៀតដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងនៃតំបន់អាស៊ីប៉ាស៊ីហ្វិក៕
ដោយ៖ យា ចិន្តាខន្តី





