អាស៊ានបញ្ជាក់ពីតួនាទីស្នូលរបស់ខ្លួននៅក្នុងស្ថាបត្យកម្មសន្តិសុខតំបន់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar Bin Ibrahim) បានថ្លែងសុន្ទរកថាពិសេសនៅឯកិច្ចសន្ទនាសាងរី-ឡា (Shangri-La) លើកទី២២ នៅប្រទេសសិង្ហបុរី ដោយបានបញ្ជាក់អំពីតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងស្ថាបត្យកម្មសន្តិសុខក្នុងតំបន់ និងគាំទ្រដល់ស្ថាបត្យកម្មតំបន់ប្រកបដោយការបើកចំហ តម្លាភាព បរិយាប័ន្ន និងច្បាប់។
ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៥ លោក អ៊ីប្រាហ៊ីម បានលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនសម្រាប់អាស៊ាននាពេលបច្ចុប្បន្ន។
ទាក់ទងនឹងគុណសម្បត្តិ លោកបានសង្កត់ធ្ងន់ថា អាស៊ានតែងតែមានការតភ្ជាប់ និងស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាពិសេសផ្នែកសេដ្ឋកិច្ច។ មិនត្រឹមតែនៅក្នុងសមាគមប៉ុណ្ណោះទេ អាស៊ានក៏សហការជាមួយដៃគូខាងក្រៅក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ ថាមពល សន្តិសុខសាយប័រ សន្តិសុខស្បៀង និងវប្បធម៌។ លោកក៏បានប្រកាសផងដែរថាអាស៊ានបានយល់ព្រមទទួលទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាននៅក្នុងខែតុលាខាងមុខ។
ទាក់ទងនឹងគុណវិបត្តិ យោងតាមលោក អ៊ីប្រាហ៊ីម បានឱ្យដឹងថា បើទោះបីជាស្ថានភាពនៅមីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរក៏ដោយ ក៏អាស៊ានមិននៅស្ងៀមដែរ។
លោកបាននិយាយថា ជម្លោះនៅសមុទ្រខាងកើត គឺនៅតែស្មុគ្រស្មាញខ្លាំង ហើយគោលបំណងរបស់ភាគីពាក់ព័ន្ធមិនត្រូវបានសម្រេចតាមរយៈការកើនឡើងភាពតានតឹង ឬដោយការញុះញង់ឱ្យអ្នកដទៃមានការឆ្លើយតបមិនសមាមាត្រនោះទេ។ វាត្រូវបានអនុវត្តយ៉ាងល្អបំផុតតាមរយៈការទូតដែលមានស្ថិរភាព។
យោងតាមលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឱ្យដឹងថា បន្ថែមពីលើជម្លោះនៅក្នុងតំបន់ជាច្រើនរបស់ពិភពលោក ភាពក្រីក្រ ការបែងចែកហានិភ័យនៃការប្រណាំងប្រជែងសព្វាវុធ សង្គ្រាមពាណិជ្ជកម្ម ក៏បង្កការលំបាកដល់តំបន់ដែលគំរាមកំហែងឈានទៅដល់អស្ថិរភាពក្នុងផ្នែកសន្តិសុខផងដែរ។ លោកបានកត់សម្គាល់ថា ពិភពលោកត្រូវតែធ្វើសកម្មភាពដើម្បីការពារសន្តិភាព និងស្ថិរភាព តាមរយៈគោលនយោបាយច្បាស់លាស់តម្លាភាព កិច្ចសហប្រតិបត្តិការ និងចក្ខុវិស័យរយៈពេលវែង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





