សិង្ហបុរី និងបារាំង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសសិង្ហបុរី និងបារាំងបានធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេដែលបានចុះហត្ថលេខាកាលពីក្នុងឆ្នាំ២០១២ ឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ដែលជាការកត់សម្គាល់នូវ CSP ជាលើកដំបូងរបស់សិង្ហបុរីជាមួយប្រទេសនៅអឺរ៉ុប។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេនស៍ វ៉ុង (Lawrence Wong) និងប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរកិច្ចព្រមព្រៀងចំនួន១៣ នៅក្នុងពិធីមួយក្នុងសភាសិង្ហបុរីកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅដែលជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំបារាំងនៅសិង្ហបុរី។
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីការផ្លាស់ប្តូរនោះ មេដឹកនាំទាំងពីរបានប្រកាសថា ប្រទេសបារាំង និងសិង្ហបុរីនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលការចែករំលែកព័ត៌មានសម្ងាត់ និងបច្ចេកវិទ្យាការពារជាតិ ការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) សន្តិសុខ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើដែនអាកាស និងដែនសមុទ្រ ក្រោមក្របខណ្ឌភាពជាដៃគូទ្វេភាគីដែលបានបង្កើតឡើងថ្មី។
លោកនាយករដ្ឋមន្ត្រី វ៉ុង បាននិយាយថា នៅក្នុងពិភពលោកដែលមិនច្បាស់លាស់នាពេលនេះ វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសដែលមានគំនិតដូចគ្នា ដូចជាប្រទេសបារាំង និងសិង្ហបុរីជាដើម ដើម្បីធ្វើការងារជាមួយគ្នា ជាពិសេសនៅពេលដែលភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាវិស័យកាត់បន្ថយការបំភាយឧស្ម័នកាបូនិក និងឌីជីថលកម្មជាដើម។
ជាការឆ្លើយតប លោកប្រធានាធិបតី ម៉ាក្រុន បានបញ្ជាក់ថា ប្រទេសបារាំង និងសិង្ហបុរីចែករំលែកទស្សនៈរួមជាច្រើន ហើយ CSP នេះជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្តយ៉ាងជ្រាលជ្រៅរវាងប្រជាជាតិទាំងពីរ។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងសហការគ្នាកាន់តែមានប្រសិទ្ធភាពក្នុងវិស័យធុរកិច្ច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





