កិច្ចសន្ទនាសាងរី-ឡា លើកទី២២៖ ជប៉ុន និងហ្វីលីពីន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ជេន ណាកាតានី (Gen Nakatani) និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ជីលបឺតតូ តេអូដូរ៉ូ (Gilberto Teodoro) បានជួបពិភាក្សាគ្នានៅខាងក្រៅកិច្ចសន្ទនាសាងរី-ឡា (Shangri-La) លើកទី២២ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងជំនួបនោះ លោក ណាកាតានី និងលោ តេអូដូរ៉ូ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ពួកគេក៏បានសន្យាជំរុញកិច្ចសហប្រតិបត្តិការទៅលើការនាំចេញសព្វាវុធនិងរក្សាទំនាក់ទំនងជិតស្និទ្ធរវាងភ្នាក់ងារការពារជាតិរបស់ប្រទេសទាំងពីរ។
កាលពីខែកុម្ភៈ ប្រទេសជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមកិច្ចសន្ទនាយុទ្ធសាស្ត្រដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកម្រិតអង្គភាព និងបង្កើតក្របខ័ណ្ឌកម្រិតខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា និងឧបករណ៍ការពារជាតិ។
ទំនាក់ទំនងរវាងប្រទេសជប៉ុន និងហ្វីលីពីនក្នុងវិស័យសន្តិសុខត្រូវបានពង្រឹងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅក្នុងឆ្នាំ២០២៣ ប្រទេសជប៉ុនបានផ្តល់ប្រព័ន្ធរ៉ាដាតាមដានផ្លូវអាកាសដល់ហ្វីលីពីន។ នេះគឺជាផលិតផលការពារជាតិពេញលេញដំបូងគេដែលនាំចេញដោយប្រទេសជប៉ុន ចាប់តាំងពីការបន្ធូរបន្ថយការហាមឃាត់ពាណិជ្ជកម្មសព្វាវុធ ដែលបានអូសបន្លាយតាំងពីឆ្នាំ២០១៤ មក។
ទីក្រុងតូក្យូក៏បានសម្រេចចិត្តផ្តល់ប្រព័ន្ធរ៉ាដាតាមឆ្នេរសមុទ្រដល់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះក្រោមកម្មវិធីជំនួយសន្តិសុខថ្មីមួយដែលត្រូវបានដាក់ឱ្យដំណើរការកាលពីក្នុងឆ្នាំ២០២៣ ដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





