ឡាវពិចារណាសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងវៀងច័ន្ទន៍ និងវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋាភិបាលឡាវបានអនុម័តទៅលើការសិក្សាលទ្ធភាពសម្រាប់ការសាងសង់ផ្លូវល្បឿនលឿនដែលរត់ពីរដ្ឋធានីវៀងច័ន្ទន៍កាត់តាមខេត្តសាយសំប៊ូន ខេត្តសៀងខួង និងខេត្តហួផាញ ទៅកាន់ច្រកព្រំដែនណាំសយនៅជាប់ព្រំដែនប្រទេសវៀតណាម ដើម្បីធ្វើឱ្យប្រសើរឡើងជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាតិរបស់ប្រទេសឡាវ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងផែនការ និងវិនិយោគឡាវ និងក្រុមហ៊ុនផុងសាវ៉ាញ សម្រាប់ការអនុវត្តគម្រោងនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនៅទីក្រុងវៀងច័ន្ទន៍។
តំណាងក្រុមហ៊ុនផុងសាវ៉ាញ លោក បួចាន់ អួនសាវ៉ាញ (Bouachanh Uonsavanh) នាយកស្តីទីនៃគម្រោងផ្លូវល្បឿនលឿន បានលើកឡើងអំពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃផ្លូវល្បឿនលឿនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ការវិនិយោគ សេវាកម្ម និងទេសចរណ៍រវាងទីក្រុងវៀងច័ន្ទន៍ និងបណ្តាខេត្តភាគខាងជើងប្រទេសឡាវ។
លោកបានកត់សម្គាល់ថា គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គណបក្ស និងរដ្ឋាភិបាលឡាវក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញដឹកជញ្ជូនរបស់ប្រទេស រួមចំណែកដល់កម្រិតជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង និងជម្នះជាបណ្តើរៗនូវបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
ថ្លែងនៅក្នុងពិធីនោះ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវលោក សត្ថាបណ្ឌិត អ៊ីនស៊ីសៀងម៉ាយ (Sathabandit Insixiengmay) បាននិយាយថា រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍផ្លូវគមនាគមន៍ ដើម្បីពង្រឹងការតភ្ជាប់ទាំងអន្តរខេត្ត និងអន្តរជាតិ ជាពិសេសសម្រាប់តំបន់ដែលមិនទាន់មានការអភិវឌ្ឍ។
លោក អ៊ីនស៊ីសៀងម៉ាយ បានសង្កត់ធ្ងន់ថា ដោយសារថវិកាមានកំណត់របស់រដ្ឋាភិបាល ដូច្នេះហើយ ការលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជនដែលមានសក្តានុពលហិរញ្ញវត្ថុ និងបទពិសោធន៍ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាទិសដៅសមស្រប និងនិរន្តរភាព។ លោកបានបន្ថែមថា គម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផុងសាវ៉ាញ គឺជាការបង្ហាញជាក់ស្តែងនៃគោលនយោបាយនេះ ដែលរួមចំណែកដល់ការសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរយៈពេលវែងរបស់ប្រទេសឡាវ។
រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនផុងសាវ៉ាញ បានព្រមព្រៀងគញនាធ្វើការសិក្សាអំពីលទ្ធភាព និងរៀបចំរបាយការណ៍បច្ចេកវិទ្យា-សេដ្ឋកិច្ចក្នុងរយៈពេល ២៤ខែ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





