ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃមានការធ្លាក់ចុះ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមសាក់ ទេពសុធិន (Somsak Thepsuthin) បានប្រកាសកាលពីថ្ងៃទី០២ ខែមិថុនាថា ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៦៥.៨៨០ករណី និងការស្លាប់ចំនួន ៣ករណីនៅក្នុងសប្តាហ៍មុន ដែលជាការថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងចំនួនខ្ពស់បំផុតប្រចាំឆ្នាំ។
លោកបាននិយាយថា ករណីឆ្លងថ្មី និងករណីស្លាប់ខាងលើនេះត្រូវបានកត់ត្រាចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ប្រជាជនដែលមានអាយុពី ៣០ឆ្នាំដល់ ៣៩ឆ្នាំជាក្រុមប្រជាជនដែលមានករណីឆ្លងថ្មីច្រើនជាងគេ ដែលមានចំនួន ១២.៤០៣នាក់ បន្ទាប់មកគឺក្រុមប្រជាជនក្នុងវ័យ ២០ឆ្នាំដែលមានចំនួន ១០.៣៦៨នាក់ ហើយបន្ទាប់មក គឺក្រុមប្រជាជនដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅដែលមានចំនួន ៩.៥៩០នាក់។
លោករដ្ឋមន្ត្រីបាននិយាយថា លោកបានស្នើឱ្យបុគ្គលិកពេទ្យត្រៀមខ្លួនដើម្បីដោះស្រាយស្ថានការណ៍ឆ្លងជំងឺនេះ ហើយបានលើកឡើងពីរបាយការណ៍របស់នាយកដ្ឋានរោគរាតត្បាតដែលបាននិយាយថា ការផ្ទុះឡើងបានចាប់ផ្តើមថយចុះ។
លោកបានណែនាំដល់ប្រជាពលរដ្ឋឱ្យការពារខ្លួន ដោយត្រូវពាក់ម៉ាស់មុខការពារនៅកន្លែងដែលមានហានិភ័យ ឬកន្លែងដែលមានមនុស្សច្រើនហើយត្រូវធ្វើតេស្តដោយខ្លួនឯងដើម្បីការពារការចម្លងដោយអចេតនាដល់ជនងាយរងគ្រោះ លាងដៃជាប្រចាំ បរិភោគអាហារឆ្អិន និងហាមប៉ះពាល់មុខភ្នែក ច្រមុះ និងមាត់ដោយផ្ទាល់។
លោក ស៊ុមសាក់ បាននិយាយថា លោកបានបញ្ជាឱ្យបុគ្គលិកពេទ្យរៀបចំឱសថ និងសម្ភារៈវេជ្ជសាស្រ្តឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកជំងឺ និងជនងាយរងគ្រោះ។
លោកបានកត់សម្គាល់ថា ករណីជំងឺផ្ដាសាយក៏មានការថយចុះដែរ។ក្រុមប្រជាជនដែលឆ្លងជំងឺគ្រុនផ្តាសាយខ្លាំងជាងគេ គឺនៅក្រុមអាយុពី ៥ឆ្នាំទៅ ៩ឆ្នាំ ហើយករណីស្លាប់ច្រើនជាងគេគឺក្នុងចំណោមអ្នកជំងឺដែលមានវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ៕





