កងទ័ពអ៊ីស្រាអែល៖ ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ -- កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនរួមជាមួយទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុក Shin Bet បានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់ម្នាក់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សា។
កងកម្លាំង IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបានបញ្ជាក់ពីទីតាំងនៃការវាយប្រហារនោះទេថា លោក ខាលីល អាបេដ អាល់ ណាស់សឺ មូហាមម៉ាដ ខាទីប (Khalil Abd al-Nasser Muhammad Khatib) មេបញ្ជាការកងវរសេនាតូចតំបន់ Al Mawasi របស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាត្រូវបានកំណត់អត្តសញ្ញាណក្នុងអំឡុងពេលបេសកកម្មឈ្លបយកការណ៍ ហើយត្រូវបានវាយប្រហារ និងសម្លាប់ដោយយន្តហោះដែលដឹកនាំដោយកងកម្លាំង IDF ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មេបញ្ជាការក្រុមហាម៉ាស់ដែលទទួលខុសត្រូវចំពោះការវាយប្រហារបានសម្លាប់កងកម្លាំង IDF ចំនួន២១នាក់នៅតំបន់ Al Mawasi ភាគ កណ្តាលតំបន់ហ្គាហ្សា កាលពីខែមករា ឆ្នាំ២០២៤ ហើយក៏បានដឹកនាំការវាយប្រហារផ្សេងទៀតប្រឆាំងនឹងកងកម្លាំង IDF ផងដែរ។ ក្រុមហាម៉ាស់មិនទាន់បានធ្វើអត្ថាធិប្បាយលើការអះអាងរបស់អ៊ីស្រាអែលនៅឡើយទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងកម្លាំង IDF បាននិយាយថា កងទ័ពរបស់ខ្លួនបានវាយប្រហារ និងរុះរើរចនាសម្ព័ន្ធដែលមានឧបករណ៍ផ្ទុះត្រូវបានធ្វើសកម្មភាពប្រឆាំងនឹងកងកម្លាំង IDF កាលពីថ្ងៃទី២០ខែឧសភា ដោយបានសម្លាប់ទាហានអ៊ីស្រាអែល លោក ដានីឡូ ម៉ូកានូ(Danilo Mocanu) ។ កងកម្លាំង IDF ក៏បានរុះរើកំណាត់ផ្លូវរូងក្រោមដី និងប៉ុស្តិ៍សង្កេតការណ៍ដែលពួកគេចាត់ទុកថាជា «ការគំរាមកំហែង» ។
យោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា អ៊ីស្រាអែលបានបន្តការវាយប្រហារលើតំបន់ហ្គាហ្សាវិញនៅថ្ងៃទី១៨ ខែមីនា បន្ទាប់ពីមានបទឈប់បាញ់រយៈពេលពីរខែជាមួយក្រុមហាម៉ាស់។ ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីន៤.១៤៩នាក់ត្រូវបានសម្លាប់ និង ១២.១៤៩នាក់រងរបួស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





