មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ដចិនចូលរួមកិច្ចប្រជុំនៅប្រទេសរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ -- ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិន (CPC) លោក ចេន វិនឆីង (Chen Wenqing) បានចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី១៣ នៃអ្នកតំណាងជាន់ខ្ពស់សម្រាប់បញ្ហាសន្តិសុខ និងថ្លែងសុន្ទរកថានៅប្រទេសរុស្ស៊ី។ តំណាងមកពីប្រទេសចំនួន ១២៦ និងអង្គការអន្តរជាតិបានចូលរួមកិច្ចប្រជុំនេះ។
លោក ចេន ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC និងជាប្រធានគណៈកម្មការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការមជ្ឈិមបក្ស CPC បាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានស្នើគំនិតផ្តួចផ្តើមសន្តិសុខសកល ដោយមានកិច្ចសហប្រតិបត្តិការ ការច្នៃប្រឌិត នីតិរដ្ឋ និងលទ្ធផលឈ្នះឈ្នះ ហើយផ្តល់ការណែនាំដ៏សំខាន់មួយសម្រាប់ការប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងសន្តិសុខពិភពលោក។
លោកបានចង្អុលបង្ហាញថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីអនុវត្តន៍ចក្ខុវិស័យនៃសន្តិសុខរួម ទូលំទូលាយ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព រួមគ្នាឆ្លើយតបទៅនឹងហានិភ័យ និងបញ្ហាប្រឈមនានា និងរួមគ្នាកសាងពិភពលោកនៃសន្តិសុខសកល។
លោក ចេន និងលោក សើហ្គេយ សយហ្គូ (Sergei Shoigu)លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីបានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១០ នៃយន្តការសហប្រតិបត្តិការ និងអនុវត្តច្បាប់ចិន-រុស្ស៊ី។
លោក ចេន បាននិយាយថា លោក ស៊ី បានរៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យជាមួយលោក ពូទីន នៅដើមខែឧសភា ដោយបង្ហាញពីការរំពឹងទុកនៃការអភិវឌ្ឍថ្មីសម្រាប់ដំណាក់កាលបន្ទាប់នៃទំនាក់ទំនងចិន-រុស្ស៊ី។
លោក សយហ្គូ បាននិយាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី និងចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀតមានសារៈសំខាន់ទ្វេភាគី និងពហុភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





