ម៉ូរីតានី និងចិនចុះហត្ថលេខាលើការសិក្សាពីលទ្ធភាពសម្រាប់អង្គភាពរក្សាទុក និងស្ដុកអាហារ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ -- ស្ថានទូតចិននៅទីក្រុងNouakchott បានប្រកាសថា ប្រទេសចិន និងប្រទេសម៉ូរីតានីបានចុះហត្ថលេខាលើអនុស្សរណៈមួយនៅទីក្រុង Nouakchott ទាក់ទងនឹងការសិក្សាពីលទ្ធភាពសម្រាប់អង្គភាពរក្សាទុក និងស្តុកអាហារ។
គ្រឿងបរិក្ខារនាពេលអនាគតដែលត្រូវបានផ្តល់មូលនិធិដោយប្រទេសចិននឹងមានសមត្ថភាពផ្ទុកចំនួន ៣០លានតោន។
លោក តាង ហ្សុងដុង (Tang Zhongdong) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ូរីតានីបាននិយាយក្នុងអំឡុងពេលចុះហត្ថលេខាលើអនុស្សរណៈជាមួយប្រតិភូរដ្ឋមន្ត្រីម៉ូរីតានីទទួលបន្ទុកថវិកាលោកស្រី ខូឌីអូរ៉ូ មូសសា ជីន័រ(Codioro Moussa N'Guenore) ថា គម្រោងនេះគឺជាជំហានថ្មីមួយដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការចិន-ម៉ូរីតានី ជាពិសេសក្នុងវិស័យកសិកម្មនិងសន្តិសុខស្បៀង។
លោក តាង បាននិយាយថា វានឹងជួយពង្រឹងសមត្ថភាពរបស់ប្រទេសម៉ូរីតានីក្នុងការស្តុកទុកផលិតផលម្ហូបអាហារដែលជាកត្តាសំខាន់សម្រាប់ធានាសន្តិសុខស្បៀង និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។
ឯកអគ្គរដ្ឋទូតបាននិយាយថា ប្រទេសចិននឹងចាប់យកឱកាសនេះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់ខ្លួនជាមួយប្រទេសម៉ូរីតានីក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍ និងដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្ពស់ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





