ទាហានកូរ៉េខាងត្បូងបាញ់កាំភ្លើងយន្តខុសបច្ចេកទេសឆ្ពោះទៅព្រំដែនអន្តរកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- យោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានកូរ៉េខាងត្បូងម្នាក់ដែលឈរជើងនៅអង្គភាពជួរមុខក្បែរព្រំដែនអន្តរកូរ៉េបានបាញ់កាំភ្លើងយន្តទៅកាន់ប្រទេសកូរ៉េខាងជើងដោយចៃដន្យកាលពីដើមសប្តាហ៍នេះ ដោយជំរុញឱ្យយោធាធ្វើការផ្សាយតាមអាកាសដើម្បីជូនដំណឹងដល់ប្រទេសកូរ៉េខាងជើងអំពីឧប្បត្តិហេតុនេះ។
យោងតាមយោធាបានឱ្យដឹងថា ទាហានរូបនេះបានបាញ់ខុសមួយជុំពីកាំភ្លើងយន្តធុន K6 ពីអង្គភាពក្រៅប៉ុស្តិ៍យាមក្នុងទីក្រុងយ៉ាងជូ មានចម្ងាយប្រហែល ២៥គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល នៅម៉ោងប្រហែល៥:០០នាទីល្ងាច។
លោក យ៉ាង ស៊ុងវ៉ាន់ (Yang Seung-kwan) អ្នកនាំពាក្យរបស់អគ្គសេនាធិការចម្រុះ (JCS) បានប្រាប់សន្និសីទសារព័ត៌មានថា «អង្គភាពបានធ្វើការផ្សាយភ្លាមៗទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីជូនដំណឹងអំពីឧបទ្ទវហេតុនេះ ហើយរហូតមកដល់ពេលនេះមិនមានចលនាមិនធម្មតាណាមួយបានកើតឡើងដោយយោធាកូរ៉េខាងជើងត្រូវបានរកឃើញនោះទេ»។
ឧប្បត្តិហេតុកាលពីថ្ងៃពុធបានកើតឡើងប្រហែលមួយខែបន្ទាប់ពីទាហានកូរ៉េខាងត្បូងម្នាក់បានបាញ់ខុសមួយជុំពីកាំភ្លើងយន្តធុន K6 ពីប៉ុស្តិ៍យាមមួយនៅខាងក្នុងតំបន់គ្មានយោធាដែលបំបែកប្រទេសកូរ៉េទាំងពីរក្នុងតំបន់ Cheorwon មានចម្ងាយប្រហែល ៧០គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី។
លោក យ៉ាង បាននិយាយថា យោធាបានបើកការស៊ើបអង្កេតលើករណីនេះ ហើយនឹងពិនិត្យមើលវិធានការដើម្បីការពារគ្រោះថ្នាក់ស្រដៀងគ្នានេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





