ឡាវ និងរុស្ស៊ីយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- ការិយាល័យរដ្ឋអាជ្ញាប្រជាជនកំពូលនៃប្រទេសឡាវ និងការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសរុស្ស៊ីបានព្រមព្រៀងរួមគ្នាអនុវត្តន៍សកម្មភាពក្នុងឆ្នាំ ២០២៥-២០២៦ ដោយមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកក្នុងការងារព្រះរាជអាជ្ញា។
កាសែត Pasaxon ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំផ្លូវការយ៉ាងហោចណាស់មួយក្នុងមួយឆ្នាំ ហើយផ្លាស់ប្តូរឯកសារវិជ្ជាជីវៈ និងច្បាប់ជាទៀងទាត់។ ការផ្លាស់ប្តូរទាំងនេះមានគោលបំណងកសាងសមត្ថភាពស្ថាប័ន គាំទ្រការកែទម្រង់ច្បាប់ និងគាំទ្រនីតិរដ្ឋនៅក្នុងប្រទេសទាំងពីរ។
ភាគីទាំងពីរនឹងកោះប្រជុំរួមគ្នាដើម្បីពិភាក្សាអំពីការពង្រឹងមុខងារព្រះរាជអាជ្ញា និងការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថល រួមទាំងការប្រើប្រាស់សក្តានុពលនៃបញ្ញាសិប្បនិម្មិតក្នុងការងារច្បាប់។ កិច្ចប្រជុំអ្នកជំនាញក៏នឹងធ្វើឡើងផងដែរស្តីពីការការពារកុមារ និងវិធានការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ។
បន្ថែមពីលើនេះ ភាគីទាំងពីរបានឯកភាពចូលរួមវគ្គបណ្តុះបណ្តាលរួមគ្នាយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ និងផ្លាស់ប្តូរឯកសារច្បាប់បច្ចេកទេស និងវិទ្យាសាស្ត្រឱ្យបានទៀងទាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការព្រះរាជអាជ្ញា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





