ប៉ូលិសរកឃើញអាវុធជាតិផ្ទុះ និងចាប់ខ្លួនមនុស្ស ១០នាក់នៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- សារព័ត៌មានក្នុងស្រុកAriana News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលីសបានរកឃើញអាវុធ និងគ្រាប់រំសេវក្នុងអំឡុងពេលប្រតិបត្តិការជាបន្តបន្ទាប់នៅក្នុងខេត្តបាល់ខ៍ ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ហើយបានចាប់ខ្លួនមនុស្សចំនួន ១០នាក់ ដោយចោទប្រកាន់ពីបទរក្សា និងកាន់កាប់អាវុធខុសច្បាប់។
ប្រព័ន្ធផ្សព្វផ្សាយឯកជនបានរាយការណ៍ដោយដកស្រង់ប្រភពពីប៉ូលីសថា អាវុធដែលរួមមានកាំភ្លើងវែងចំនួន ១៩ដើម រួមមានកាំភ្លើង AK-47 កាំភ្លើងខ្លី និងគ្រាប់កាំភ្លើងត្រូវបានប្រមូលពីអ្នកប្រដាប់អាវុធខុសច្បាប់ក្នុងរយៈពេលពីរខែកន្លងមកនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ក្រោយការស៊ើបអង្កេតបឋម ប៉ូលិសបានបញ្ជូនសំណុំរឿងមនុស្សដែលត្រូវបានចាប់ខ្លួនទៅកាន់តុលាការ។
រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព និងសន្តិសុខប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសក្រោយសង្រ្គាម ហើយបានប្តេជ្ញាប្រមូលអាវុធ និងគ្រាប់រំសេវពីមនុស្សដែលរស់នៅក្រៅប្រព័ន្ធសន្តិសុខ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





