បង់ក្លាដែសចាប់ផ្តើមនាំចេញផ្លែស្វាយទៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- ការបញ្ជូនផ្លែស្វាយស្រស់ដំបូងរបស់ប្រទេសបង់ក្លាដែសត្រូវបាននាំចេញទៅកាន់ប្រទេសចិនកាលពីថ្ងៃពុធ។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបង់ក្លាដែស លោក យ៉ៅ វិន (Yao Wen) មន្ត្រីបង់ក្លាដែស ក៏ដូចជាតំណាងក្រុមហ៊ុននាំចូល និងនាំចេញនៃប្រទេសទាំងពីរ និងតំណាងក្រុមហ៊ុនចិននៅប្រទេសបង់ក្លាដែសបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោក យ៉ៅ បាននិយាយថា ការនាំចេញផ្លែស្វាយរបស់ប្រទេសបង់ក្លាដែសទៅកាន់ប្រទេសចិនគឺជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់ទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស លោក មូហាមម៉ាដ យូនូស (Muhammad Yunus) ទៅកាន់ទីក្រុងប៉េកាំង។ ការនាំចូលផ្លែស្វាយរបស់ប្រទេសបង់ក្លាដែសទៅក្នុងទីផ្សារចិនបានឆ្លុះបញ្ចាំងពីខ្លឹមសារដែលមានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះឈ្នះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតបាននិយាយថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ ការកើនឡើងនូវផលិតផលកសិកម្មរបស់ប្រទេសបង់ក្លាដែសដែលមានគុណភាពខ្ពស់នឹងត្រូវនាំចូលទៅក្នុងផ្សារទំនើបរបស់ប្រទេសចិន។
ឥស្សរជនបង់ក្លាដែសបានសម្តែងការដឹងគុណចំពោះប្រទេសចិនដែលបានអនុម័តការនាំចេញផ្លែស្វាយស្រស់របស់ប្រទេសបង់ក្លាដែសទៅកាន់ប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





