អង្គការ WWF បង្កើនការផ្សព្វផ្សាយអំពីការអភិរក្សសត្វស្លាប ក្នុងដែនជម្រកសត្វព្រៃសំបូរ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ -- អង្គការ WWF-កម្ពុជា សហការជាមួយនឹង មន្ទីរបរិស្ថានខេត្តក្រចេះ កាលពីពេលថ្មីៗនេះ បានជួបជាមួយសមាជិកសហគមន៍ចំនួន ៧១ នាក់ ហើយពួកគេភាគច្រើនមកពីសហគមន៍ឥស្លាម ស្ថិតនៅក្នុង ភូមិស្រែអំពិល ខេត្តក្រចេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សសត្វត្មាត ច្បាប់តំបន់ការពារ និងការផ្សារភ្ជាប់គ្នារវាងការអប់រំផ្សព្វផ្សាយជាមួយបងប្អូនជនជាតិឥស្លាម និងការពារបរិស្ថាន។

ប្រភពពី អង្គការ WWF បានឱ្យដឹងនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ថា តាមរយៈការពិភាក្សា និងសំណួរចម្លើយ អ្នកចូលរួមទាំងបានបង្ហាញពីការចូលរួម និងការប្តេជ្ញាយ៉ាងរឹងមាំ និងចែករំលែកការយល់ដឹងទាំងនេះទៅកាន់សហគមន៍អំពីការចូលរួម ដើម្បីការពារសត្វស្លាបដូចជាសត្វត្មាត ដែលបានដើរតួនាទីយ៉ាងសំខាន់ចំពោះបរិស្ថាន និងសុខុមាលភាពសហគមន៍៕


ដោយ៖ ណយ នឿន (ប្រភព៖ WWF)





