ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន មិនមែនត្រឹមតែជាកន្លែងបំពេញការងារប៉ុណ្ណោះទេ តែក៏ជាកន្លែងថែរក្សានូវទេពកោសល្យ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍នៃវិស័យព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា នៅក្នុងក្របខ័ណ្ឌនៃក្រសួងព័ត៌មាន មិនមែនត្រឹមតែជាកន្លែងដែលថ្នាក់ដឹកនាំ និងមន្រ្តីបំពេញការងារប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលថែរក្សានូវទេពកោសល្យ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍នៃវិស័យព័ត៌មាន និងសោតទស្សន៍ផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានបានធ្វើនៅពេលនេះ គឺក្រោមការជ្រុំជ្រែង និងបង្ហាត់បង្ហាញដោយថ្នាក់ដឹកនាំក្រសួងដែលមានបទពិសោធន៍ និងជំនាញលើផ្នែកនីមួយៗច្បាស់លាស់ ដែលលោកក៏ជាសាស្ត្រាចារ្យ និងមន្ត្រីជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំលើការងារនេះ។


ការបញ្ជាក់ដូចនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្នាក់មូលដ្ឋានលើកដំបូង ដល់មន្ត្រីរាជការរបស់ក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំឡើងដោយគណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មាន។


ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា រាប់ចាប់តាំងពីឯកឧត្តមបានឈានជើងចូលក្រសួងព័ត៌មានគឺមានក្តីប្រាថា្ន ចង់ឲ្យថ្នាក់ដឹកនាំដែលមានវ័យចំណាស់ និងបទពិសោធន៍ ចែករំលែកនូវចំណេះដឹង និងចំណេះជំនាញឱ្យអ្នកជំនាន់ក្រោយ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការគ្រប់គ្រងធនធានមនុស្ស ជាតួនាទីចម្បងក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ដើម្បីសម្រេចបាននូវគោលដៅរួម។ ការយកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជាភាពចាំបាច់ ក្នុងការលើកកម្ពស់នូវសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សព្វផ្សាយ ប្រកបដោយ គុណភាព និងសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលរយៈពេល ១០ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើទំនើបកម្ម និងលើកកម្ពស់វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ។ ជាមួយនឹងការចូលរួមយ៉ាងខ្លាំងក្លាពីក្រុមសិក្ខាកាម វគ្គបណ្តុះបណ្តាលនេះបានសម្រេចដោយជោគជ័យនូវគោលបំណងរបស់ខ្លួនក្នុងការបង្កើនជំនាញ លើកកម្ពស់ក្រមសីលធម៌សារព័ត៌មាន និងជំរុញកិច្ចសហការអន្តរក្រុម។ សម្រាប់ចំណេះដឹង និងការយល់ដឹងដែលទទួលបានត្រូវបានរំពឹងថានឹងនាំឱ្យមានការកែលម្អការអនុវត្តប្រព័ន្ធផ្សព្វផ្សាយ និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាពខ្ពស់។ ដោយឈរលើភាពជោគជ័យនេះ គំនិតផ្តួចផ្តើមបន្ថែម និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិជ្ជាជីវៈជាបន្តបន្ទាប់នឹងមានសារៈសំខាន់ណាស់ ដើម្បីឱ្យទាន់ទៅនឹងការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយ៕
ដោយ ទូច វលក្ខ័ណ





