សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ វិស័យការពារជាតិ កម្ពុជា-ជប៉ុន កាន់តែសកម្ម និងជិតស្និទ្ធ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥--ក្នុងវិស័យការពារជាតិ កិច្ចសហប្រតិបត្តិការរបស់យើង កាន់តែសកម្ម និងជិតស្និទ្ធ។ កម្ពុជារីករាយ និងបានស្វាគមន៍ នាវា២គ្រឿងរបស់កងស្វ័យការពារកងទ័ពជើងទឹកជប៉ុន ដែលបានចូលចតមុនគេបង្អស់(កំពង់ផែរាម) ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ កាលពីខែមេសា»។ នេះជាការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុសន្និសីទរួមជាមួយនាយករដ្ឋមន្រ្តីជប៉ុន ឯឧត្តម Shigeru Ishiba នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។


ក្នុងឱកាសនោះ សម្តេចធិបតី បានអរគុណជប៉ុន ដែលបន្តជួយកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ក្នុងវិស័យដ៏សំខាន់នេះ។ សម្តេចក៏បានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយបោសម្អាតមីននៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅជាប្រទេសដែលមិនមាន ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះជាដើម។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណមិត្តជប៉ុន ចំពោះការជួយគាំទ្រអភិវឌ្ឍន៍កំពង់ផែ ក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលភស្តុភាតំបន់ ហើយកម្ពុជានិងជប៉ុន នឹងបន្តតភ្ជាប់ប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធតាមយរយៈកិច្ចសហប្រតិបត្តិការ អប់រំ ការងារ និងទេសចរណ៍៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ទំព័រហ្វេសប៊ុកសម្ដេចធិបតី





