កិច្ចប្រជុំពិនិត្យ ផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រង អភិរក្សសំណង់បេតិកភណ្ឌពុទ្ធសាសនា
AKP កណ្ដាល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- លោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រង អភិរក្សសំណង់ បេតិកភណ្ឌពុទ្ធសាសនាក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាលមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ ។

លោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះមានគោលបំណងសំខាន់ដើម្បីផ្សព្វផ្សាយ និងណែនាំដល់រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការជាមួយក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរធម្មការ និងសាសនាចុះផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តិនានា ក្នុងសម័យកាលបច្ចុប្បន្នដែលពាក់ព័ន្ធនឹងកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសសំដៅលើកកម្ពស់ការយល់ដឹងពីតម្លៃអត្តសញ្ញាណជាតិរួមចំណែកអភិរក្សថែរក្សា សំណង់បុរាណដែលកំពុងប្រឈមជាពិសេសនៅតាមវត្តអារាមនានា។ ស្ថានីយបុរាណ និងសំណង់បុរាណកន្លងមករបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ដែលមានការសហការពីអាជ្ញាធរក្រុង ស្រុក បានជួបបញ្ហាអវិជ្ជមាន គួរឱ្យកត់សម្គាល់ ដូចជាការសាងសង់សំណង់ថ្មីដែលខ្វះខាតបច្ចេកទេសសំណង់ និងក្បួនខ្នាតរចនាបថខ្មែរ ការប្រើប្រាស់គ្រឿងបង្គុំក្បាច់ និងគ្រឿងតុបតែងលម្អសំណង់មិនទាន់ត្រឹមត្រូវ ការរុះរើ ឬជួសជុលសំណង់ និងវត្ថុបុរាណនៅតាមវត្តអារាមដោយគ្មានការអនុញ្ញាត ការគោរព (ជំនឿបារមី) មកឡូកឡំដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ការតាំងទីលំនៅ ការប្រើប្រាស់ទីទួល (បារមី) តាមទីទួលដោយគ្មានច្បាប់ ការជីកកកាយយកវត្ថុបុរាណ សំណង់បុរាណ គ្រឹះប្រាសាទ ដោយខុសច្បាប់ ករណីឈូស ឆាយទន្ទ្រានដីទួលបុរាណ និងការធ្វើរបង ព័ទ្ធយកដីទួលបុរាណធ្វើជាកម្មសិទ្ធិ បញ្ហាប្រឈមទាំងអស់នេះ បណ្តាលមកពីព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋ មិនបានយល់ដឹងអំពីកិច្ចការពារបេតិកភណ្ឌ ដែលជាអត្តសញ្ញាណជាតិ វប្បធម៌ជាតិ ដែលបានបន្សល់ទុកជាយូរមកហើយ។

ជាការពិតណាស់ការថែរក្សាការពារ ស្ថានីយបុរាណ វត្ថុបុរាណ និងសម្បត្តិវប្បធម៌ដទៃទៀត គឺទាមទារមានការចូលរួមចំណែកយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ហើយការថែរក្សា ការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ក៏មិនមែនជាប្រយោជន៍របស់បុគ្គលណាម្នាក់នោះដែរ គឺដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីជាតិយើងទាំងមូល ដែលរក្សាបាននូវតឹកតាងប្រវត្តិសាស្ត្រ បង្ហាញអំពីអត្តសញ្ញាណរបស់ជាតិ ដែលបានកកើតតាំងពីយូរលង់ណាស់មកហើយ ដែលមិនអាចឲ្យជាតិសាសន៍ណាមកបំភ្លៃបានឡើយ ព្រោះយើងមានភស្តុតាងជាក់ស្តែងនៅ ទីនេះហើយកូនចៅជំនាន់នេះនិងជំនាន់ក្រោយៗបន្តសិក្សាស្រាវជ្រាវឲ្យបានកាន់តែស៊ីជម្រៅនូវប្រវត្តិសាស្ត្ររបស់ជាតិយើង។

លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានឱ្យដឹងថា ទិន្នន័យទួលបុរាណសរុប៦៩៨ទួល វាស់វែងរួចកំពុងដំណើរការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធមានចំនួន៣៣៤ ទីតាំងមិនទាន់បានវាស់វែងមានចំនួន៣២ ទីតាំងមានបណ្ណកម្មសិទ្ធិមន្ទីរមានចំនួន៩៦ បណ្ណកម្មសិទ្ធិវត្តចំនួន៧ ទីតាំងមានបណ្ណកម្មសិទ្ធិឃុំចំនួន១២៩ ទីតាំងមានបណ្ណកម្មសិទ្ធិឯកជនចំនួន១០០ ទីតាំងវត្តបុរាណចំនួន៦៩ ទិន្នន័យសំណង់បុរាណចំនួន១២៩ ទីតាំង ទិន្នន័យវត្ថុបុរាណចំនួន២៥៦ វត្ថុ Databasse វត្តព្រះនាគ ១៥៤វត្ថុ សារមន្ទីរអំពិល១២៤វត្ថុ សរុបចំនួន៥៣៤វត្ថុ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





