មន្ទីរអធិការកិច្ចខេត្តកណ្តាលចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង
AKP កណ្ដាល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- មន្ទីរអធិការកិច្ចខេត្តកណ្តាលសហការជាមួយអាជ្ញាធរក្រុងអរិយក្សត្រ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សជាង២០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្នុងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ដែលពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅ ក្រោមវត្តមានលោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល និងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ព្រមទាំងមានវត្តមានចូលរួមផងដែរពីសំណាក់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ។

លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្ត បានអំពាវនាវដល់សិស្សានុសិស្ស អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជា មិនត្រូវបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព ផ្លាកសញ្ញាចរាចរណ៍ ប្រកាន់ស្ដាំ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបើស្រវឹងសូមកុំបើកបរ បើបើកបរកុំពិសារគ្រឿងស្រវឹង ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករងរបួស អ្នកពិការ និងការខូចខាតនានា ដែលបង្កដោយសារគ្រោះថ្នាក់ចរាចរណ៍។

គោលបំណងនៃការរៀបចំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាថ្ងៃនេះ គឺដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត ព្រោះសុវត្ថិភាពចរាចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់នៃសុខភាពសាធារណៈ ជាការងារចម្បងដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ខណៈចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមានចំនួនខ្ពស់ និងកើនឡើងយ៉ាងខ្លាំង គៗជាបញ្ហាចាំបាច់ចំពោះមុខ ដែលត្រូវតែរួមគ្នាដើម្បីដោះស្រាយ។

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានសម្ដែងការគាំទ្រ និងថ្លែងអំណរគុណចំពោះមន្ទីរអធិការកិច្ច ដែលយកអស់កម្លាំងកាយចិត្តចុះពន្យល់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់សាធារណជន ពិសេសសិស្សានុសិស្សឱ្យបានយល់ដឹង សំដៅចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវរាល់គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។
លោកអភិបាលក្រុងក៏បានធ្វើការរំលឹកផងដែរថា បើស្រវឹងកុំបើកបរ បើបើកបរកុំផឹងគ្រឿងស្រវឹង មុននឹងចេញដំណើរត្រូវពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ។ សិស្សានុសិស្សសូមយករាល់ចំណេះដឹងដែលទទួលបានពីការផ្សព្វផ្សាយនាពេលនេះ ជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភក្កិ សាច់ញាតិបងប្អូនឱ្យបានយល់ដឹងសំដៅរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





