ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនាំអំណោយជាគ្រឿងឧបភោគ សម្ភារ បរិក្ខា និងថវិកាចែកជួនកងទ័ពជួរមុខ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខដែលបានចងសម្ព័ន្ធមេត្រី ជាមួយរដ្ឋបាលរាជធានីភ្នំពេញ មានបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយពិធីជួបសំណេះសំណាលនេះបានធ្វើឡើងនៅទីកងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ នាក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ពយើង និងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចទោះក្នុងកាលៈទេសណាក៏ដោយ។ ឯកឧត្ដមបានប្រកាសគាំទ្រទាំងស្រុងចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងការពង្រាយកងទ័ពនៅតាមព្រំដែន ក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ ដើម្បីការពារបូរណភាពទឹកដីពីការរំលោភឈ្លានពាន។ សម្តេចតេជោ ហ៊ុន សែន មិនត្រូវការសង្គ្រាមទេ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនមិនមែនដើម្បីធ្វើសង្គ្រាមទេ គ្រប់យ៉ាងកម្ពុជាធ្វើដើម្បីការពារយថាហេតុអាក្រក់ដែលភាគីម្ខាងទៀតបំពាន។ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានបញ្ជាក់ហើយថា កម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅ ចំណុច ដែល បាន ប៉ះទង្គិចគ្នានោះទេ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនាំមកផ្តល់ជូនកងទ័ពនៅពេលនេះរួមមាន៖ ១-កងពលធំអន្តរាគមន៍លេខ៣ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ ចាក់ដីគ្រួសក្រហមផ្លូវចូលទីលានបាញ់គ្រាប់ពិត ដោយផ្តល់ជូនដំណាក់កាលទី១ចំនួន៥០% ចំនួន១៤.៤០០$ និងឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលមានដូចជាប្រេងម៉ាស៊ូត មី ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង និងទឹកបរិសុទ្ធ។ ២- កងពលតូចអន្តរាគមន៍លេខ៩ ថវិកាចំនួន ៤០.០០០.០០០៛ វរសេនាតូចលេខ៣៩១,៣៩២, ៣៩៣,៣៩៤,៣៩៥ ចំនួន៥វរសេនាតូច ក្នុង០១វរសេនាទទួលបានថវិកាចំនួន ២០.០០០.០០០៛ កសាងលេណដ្ឋានអក្សរ A ចំនួន ១០ អស់ថវិកាចំនួន២៥.០៩០$ និងការឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចជា ប្រេងម៉ាស៊ូត មី ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង និងទឹកបរិសុទ្ធ។ ៣- វរនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន១០.០០០.០០០៛ ជីកស្រះទឹកចំនួន២កន្លែង អស់ថវិកាចំនួន ២០.០០០.០០០៛ និងឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចជា ប្រេងម៉ាស៊ូត មី ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង និងទឹកបរិសុទ្ធ។ ៤-យោធភូមិភាគ១ ថវិកាចំនួន៥.០០០.០០០៛។ ៥- កងពលតូចអន្តរាគមន៍លេខ១២៨ ថវិកាចំនួន ៤០.០០០.០០០៛ វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន៥វរសេនាតូច ក្នុង១វរសេនាទទួលបានថវិកាចំនួន ២០.០០០.០០០៛ សាងសង់ផ្ទះ និងឃ្លាំងដាក់អាវុធ និងគ្រាប់ (លើកទី២បញ្ចប់) ថវិកាចំនួន៥៦.៦៩៥$ និងឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចជាប្រេងម៉ាស៊ូត មី ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង និងទឹកបរិសុទ្ធ។ ៦- តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ថវិកាចំនួន ២.០០០.០០០៛។ ៧- បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន១៩នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន១០០.០០០៛។ ៨- វត្តនៅជិតភូមិសាស្ត្រកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន៥វត្ត ក្នុង១វត្ត ប្រគេនអង្ករចំនួន១០០គីឡូក្រាម និងបច្ច័យចំនួន២.០០០.០០០៛។ ៩- វត្តរតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ប្រគេនអង្ករចំនួន១០០គីឡូក្រាម បច្ច័យចំនួន ៤.០០០.០០០៛។ បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភ ចំពោះមេទាហាន មេនគរបាល ចំនួន១៦៨៧នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល។ ពលទាហានចំនួន៤៣០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល សរុបទាំងមេទាហាន មេនគរបាល និងពលធាហាន ពលនគរបាល ចំនួន ៥.៩៩៧នាក់ស្មើនឹងថវិកា៣៨៤.២០០.០០០រៀល។ សរុបទាំងថវិកា និងសម្ភារចំនួន៣៨ម៉ឺន៤ពាន់ដុល្លារ ស្មើនឹង១.៥៣៦.៦៨៧.០០០រៀល៕




ដោយ សួស សំរិត





