ផ្ទះមនុស្សធម៌ទី២៣ត្រូវបានប្រគល់ជូនទុរគតជនមានពិការភាព ក្នុងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ
AKP កំពង់ចាម ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- ផ្ទះមនុស្សធម៌ទី២៣ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីអនុគណស្រុក រួមទាំងសប្បុរសជន ត្រូវបានប្រគល់ដល់គ្រួសារទុរគតជនមានពិការភាព ឈ្មោះ ព្រំ ស្រឿន អាយុ ៤៥ឆ្នាំ រស់នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ចាម។

ក្នុងពិធីប្រគល់ជូនផ្ទះថ្មី ឯកឧត្តម អ៊ុន ចាន់ដា បានឧបត្ថម្ភនូវសម្ភារជាគ្រឿងឧបភោគបរិភោគសម្រាប់ឡើងផ្ទះថ្មី អង្ករ៥០គ.ក្រ ត្រីខ២០កំប៉ុង ទឹកត្រី១២ដប ទឹកស៊ីអ៊ីវ១២ដប មី២កេស ឃីត ២សម្រាប់ អាវយឺត១២ សាប៊ូ ១៦ដុំ សម្ភារផ្ទះបាយ និងថវិកា ២០០,០០០រៀល។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីចំនួន១១នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និងអាវយឺត ព្រមទាំងថវិកាចំនួន២០,០០០ រៀលផងដែរ៕




ដោយ ឆាយ ម៉ុត





