ជម្រើសជាតិវាយសី ៣នាក់ត្រៀមចូលរួមការប្រកួត កីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក ឆ្នាំ២០២៥ នៅអាល្លឺម៉ង់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- កីឡាករ-កីឡាការិនីជម្រើសជាតិកីឡាវាយសី ៣នាក់ និងគ្រូបង្វឹកម្នាក់នឹងត្រូវចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ ពីថ្ងៃទី១៦-២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់។

ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានគូសបញ្ជាក់ថា មុនចេញទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ ប្រទេសអាល្លឺម៉ង់ សហព័ន្ធវាយសីកម្ពុជានឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាវាយសី Badminton Asia Southeast Asia Regional Championships ពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រោយពីចប់ការប្រកួតនេះ កីឡាករ-កីឡាការិនីវាយសី និងគ្រូបង្វឹកនឹងចេញទៅការប្រកួត នៅប្រទេសអាល្លឺម៉ង់ តែម្តង។

ឯកឧត្តម កែវ រស់ បានលើកឡើងទៀតថា ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោកនេះ ប្រតិភូកីឡាវាយសីកម្ពុជាទទួលបានការអនុញាតពីក្រសួងអប់រំ យុវជន និងកីឡា ដោយសហព័ន្ធមានកីឡាករ២នាក់ និងកីឡាការិនីម្នាក់ ដឹកនាំដោយគ្រូបង្វឹកម្នាក់ គឺលោក ព្រុំ សារ៉ាវុធ។ កីឡាករ-កីឡាការិនីវាយសី ៣នាក់ ដែលគ្រោងនឹងបញ្ជូនទៅចូលរួមប្រកួតនេះត្រូវបានសម្រិតសម្រាំងជាអត្តពលិកឆ្នើមប្រចាំសហព័ន្ធ ដោយត្រូវបានប្រមូលផ្តុំហ្វឹកហាត់យ៉ាងសកម្មអស់រយៈពេល ៤ ខែ បន្ទាប់ពីទទួលដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក ឆ្នាំ២០២៥នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រភេទកីឡាវាយសីកម្ពុជា ក្នុងការវាស់ស្ទង់ និងបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី0៩-២០ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម កែវ រស់ អគ្គលេខាធិការសហព័ន្ធវាយសី
គួរបញ្ជាក់ថា ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៦-២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ដែលមានជាង១០០ប្រទេសចូលរួមមកពីជុំវិញពិភពលោក ខណៈដោយកម្ពុជាត្រៀមបញ្ជូនប្រតិភូកីឡា ៣៥រូបលើ៦ប្រភេទកីឡា ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WT។ ប្រតិភូកីឡាកម្ពុជាដឹកនាំដោយឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកប្រធានប្រតិភូ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា អនុប្រធានប្រតិភូ ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកនាយបេសកកម្ម អមដោយមន្ត្រីជំនាញជាច្រើនរូបទៀត៕
ដោយ ហេង ណាលីន





