ពលរដ្ឋងាយរងគ្រោះចំនួន៨០គ្រួសារនៅស្រុកស្រីសន្ធរទទួលអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត
AKP កំពង់ចាម ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន៨០គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានទទួលអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដែលប្រគល់ដោយផ្ទាល់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែចង់ដឹងពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ សម្តេចតែងបានចាត់តំណាងឱ្យចុះអន្តរាគមន៍ ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលា ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ស្របតាមទិសស្លោក “កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល”។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងធ្លាក់តែងតែនាំមកនូវផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាតទាំង៨០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គ.ក្រ ទឹកត្រី១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ និងថវិកា ៥០,០០០ រៀល៕

ដោយ ឆាយ ម៉ុត





