ប្រទេសទួរគីយ៉េនឹងចូលរួមចំណែកជាមួយកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គោះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីយ៉េប្រចាំនៅកម្ពុជា និងលោក Burak Saritarla អ្នកសម្របសម្រួលថ្នាក់តំបន់នៃទីភ្នាក់ងារសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការទួរគីយ៉េ (TIKA) ប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានបំណងចូលរួមក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ Ülkü Kocaefe បានបញ្ជាក់ថា ប្រទេសទួរគីយ៉េនឹងចូលរួមចំណែកជាមួយកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្នុងនោះរួមមានការផ្តល់អវយវៈសិប្បនិម្មិត ដល់ជនមានពិការភាព។ លោកជំទាវក៏បានស្នើសុំឱ្យអាជ្ញាធរមីនកម្ពុជាបន្ដកិច្ចសហការ ក្នុងការផ្តល់ការគាំទ្រដល់ទីភ្នាក់ងារ TIKA និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំកម្មវិធីផ្ដល់ជំនួយរបស់ខ្លួនទទួលបានជោគជ័យ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រធាន អាជ្ញាធរមីន មិនត្រឹមតែគ្រប់គ្រង និងសម្របសម្រួលលើកិច្ចការបោស សម្អាតមីន ប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ក្នុងការ សម្របសម្រួលលើកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍របស់ពួកគាត់។ កម្ពុជាមានមជ្ឈមណ្ឌលផ្តល់សេវាស្តារនីតិសម្បទាចំនួន ១១ កំពុងផ្តល់ឧបករណ៍សិប្បនិម្មិត ការព្យាបាលដោយចលនា និងការបណ្តុះបណ្តាលស្តារនីតិសម្បទាដោយឥតគិតថ្លៃ។ អាជ្ញាធរមីនក៏បានកសាងនូវបណ្តាញអ្នកស្ម័គ្រចិត្តជនរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ក្នុងការសម្របសម្រួល និងគ្រប់គ្រងនូវព័ត៌មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនេះ ជាពិសេសការផ្តល់សេវាខិតឱ្យកាន់តែជិតដល់សហគមន៍ជនរងគ្រោះ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអររគុណចំពោះទឹកចិត្តសប្បុរសរបស់ប្រទេសទួរគីយ៉េ តាមរយៈស្ថានទូតទួរគីយ៉េប្រចាំកម្ពុជាដែលនឹងចូលរួមជាមួយកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះ។ ក្នុងនាមអាជ្ញាធរមីនសូមលើកទឹកចិត្តដល់ទីភ្នាក់ងារTIKA ដែលសន្យាផ្តល់ការគាំទ្រការសម្របសម្រួល និងផ្តល់លទ្ធភាពងាយស្រួលគ្រប់បែបយ៉ាង សម្រាប់កម្មវិធីមនុស្សធម៌នេះ៕


ដោយ សួស សំរិត





