សិក្ខាសាលាដាក់ឱ្យអនុវត្តក្របខ័ណ្ឌស្តង់ដារគុណភាពជាតិសម្រាប់ការផ្តល់សេវាសង្គមកិច្ច នៅខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្ដម យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចនៃក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានចូលរួមអធិបតីបើកសិក្ខាសាលាដាក់ឱ្យអនុវត្តក្របខ័ណ្ឌស្តង់ដារគុណភាពជាតិ សម្រាប់ការផ្តល់សេវាសង្គមកិច្ចនៅខេត្តកោះកុង។

សិក្ខាសាលានេះមានសមាសភាពចូលរួមពីអភិបាលស្តីទីនៃគណៈអភិបាលខេត្តកោះកុង អគ្គនាយរងគោលនយោបាយសង្គមកិច្ច តំណាងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ប្រធានតំណាងមន្ទីរស.អ.យ រាជធានីខេត្តកំពត ព្រះសីហនុ កែប តាកែវ កំពង់ស្ពឺ កណ្តាល រាជធានីភ្នំពេញ កំពង់ចាម និងខេត្តកំពង់ធំ ប្រធានមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កណ្ដាលស្ទឹង មណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍កែវផុស មណ្ឌលយុវនីតិសម្បទា កណ្ដាលស្ទឹង មណ្ឌលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី កណ្ដាលស្ទឹង តំណាងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ទាំង៧ក្រុង ស្រុក តំណាងអង្គការពាក់ព័ន្ធនានា និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់សរុបប្រមាណ ៨០នាក់។

ក្នុងឱកាសនោះ ឯកឧត្ដម យៀប ម៉ាលីណូ បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្តល់ជាមគ្គុទ្ទេសក៍ជូនដល់សេវាសង្គមកិច្ចប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជូនដល់អតិថិជន និងផ្សព្វផ្សាយជូនដល់អង្គភាពក្រោមឱវាទក្រសួងស.អ.យ. អង្គភាពពាក់ព័ន្ធ និងប្រតិបត្តិករនានា៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





