មូលនិធិគន្ធបុប្ផាបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នៅថ្ងៃទី០១ ខែមិថុនានេះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- មូលនិធិគន្ធបុប្ផានឹងរៀបចំពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ នៅបរិវេណរូបសំណាក់លោកយាយពេញខាងត្បូងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
សេចក្ដីជូនដំណឹងបានឱ្យដឹងទៀតថា អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទនៅជុំវិញបរិវេណរូបសំណាក់លោកយាយពេញខាងត្បូងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ សួស សំរិត





