ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការការងារជាមួយធុរកិច្ចថ្មីឌីជីថលនៅតំបន់ Silicon Valley
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយធុរកិច្ចថ្មីឌីជីថល នៅតំបន់ Silicon Valley។ នេះបើតាមប្រភពក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបជាមួយស្ថាប័នចំនួន៦ ដូចជា ទី១. Levitree ទី២. Careerflow.ai ទី៣. Ulysses ទី៤. Itsware.com ទី៥. GuestOS និងទី៦. ក្រុមហ៊ុនផ្សេងៗទៀត ក្រោមការសម្របសម្រួលរៀបចំដោយក្រុមហ៊ុន Plug and Play ដែលមានបណ្តាញទំនាក់ទំនងធុរកិច្ចថ្មីឌីជីថលនៅតំបន់ Silicon Valley។

កិច្ចប្រជុំទាំងនេះមានគោលបំណង៤សំខាន់គឹ៖ ទី១. បញ្ហាលក្ខណៈពិសេសនៃធុរកិច្ចថ្មីឌីជីថលនីមួយៗ ទី២. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងដំណើរការនៃផលិតផល ឬសេវាកម្ម ដូចជាបញ្ញាសិប្បនិម្មិត ទី៣. ឱកាសនៃការវិនិយោគលើធុរកិច្ចថ្មីឌីជីថល និងទី៤. ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





