ឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងនាំយកថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំង នាំយកថវិកាឧបត្ថម្ភ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីអបអរខួបលើកទី១៦២ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៥ និងខួបលើទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជានៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្នុងភូមិ ស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្ដម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលបានឧបត្ថម្ភថវិកាចំនួន ១២លានរៀល ដើម្បីចូលរួមក្នុងការងារសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ទន្ទឹមនឹងនេះ ឯកឧត្តមបានប្រសិទ្ធិពរជ័យ ជូនចំពោះលោកស្នងការ លោក លោកស្រីស្នងការរង ព្រមទាំងកងកម្លាំងក្រោមឱវាទទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)





