អាវភ្លៀងអំណោយដ៏ថ្លៃថ្លាពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនកងពលតូចថ្មើរជើងលេខ៥១
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងចំណុះកងពលតូចថ្មើរជើងលេខ៥១។

ការចែកជូនអាវភ្លៀងនេះធ្វើឡើងដោយមើលឃើញពីទុក្ខលំបាកក្នុងការបំពេញភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនាពេលរដូវវស្សាជារៀងរាល់ឆ្នាំ ព្រមទាំងមានការយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់យោធិនគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះ អំណោយនេះក៏បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការឧបត្ថម្ភអាវភ្លៀងជូនដល់យោធិនគ្រប់ៗរូប ដើម្បីប្រើប្រាស់ការពារសុខភាពពេលបំពេញភារកិច្ចនៅរដូវវស្សា។

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចថ្មើរជើងលេខ៥១ ថា «យោធិនទាំងអស់ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះគុណបំណាច់ដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងឈឺឆ្អាលដល់សុខភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ពេលវេលា។»

លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានបន្តទៀតថា «យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរសម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ មានសុខភាពល្អ កម្លាំងពលំមាំមួន បញ្ញាញាណឈ្លាសវៃ និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»

សូមជម្រាបជូនថា អំណោយអាវភ្លៀងនេះមិនត្រឹមតែជាសម្ភារចាំបាច់សម្រាប់យោធិនក្នុងការបំពេញភារកិច្ចនាពេលរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបញ្ជាក់ពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាព និងកម្លាំងចិត្តរបស់កងកម្លាំងប្រដាប់អាវុធ ដែលតែងតែលះបង់ដើម្បីការពារជាតិ មាតុភូមិ៕
ដោយ ឈុន សារ៉ាត





