អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តសៀមរាប សហការរួមគ្នាបណ្តុះបណ្ដាលគ្រូបង្គោលស្រី្តជាម្តាយចូលរួមទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀន
AKP សៀមរាប ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥-ក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តសៀមរាប បានសហការរួមគ្នាបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ សិក្ខាសាលានេះ បានធ្វើឡើងដោយមានការចូលរួមពីក្រសួងកិច្វការនារីនិងមន្ទីកិច្ចការនារីខេត្តចំនួន១៤ខេត្ត រួមមានខេត្តសៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ប៉ៃលិន, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, ពោធិ៍សាត់, កោះកុង, កំពង់ឆ្នាំង, ស្វាយរៀង, កំពង់ស្ពឺ និងខេត្តតាកែវ សរុបចំនួន ៥១ នាក់ ពីថ្ងៃទី០៧-០៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។


ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកឡើងពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្តទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រមួយនេះ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ "សម្អាតផ្ទះយើង" និង"សម្អាតចកចេញពីបឹង" នៃបទបញ្ជាលេខ ០១បបស្តីពីការដាក់ចេញនូវវិធានការហ្មឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងឱកាសនោះដែរ លោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ជំរុញដល់ស្រ្ដីដែលជាម្ដាយ ក៏ដូចជាមន្រ្ដីរាជការជាស្រ្ដី ប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នាទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន តាមរយៈការផ្សព្វផ្សាយអប់រំដល់ក្រុមគោលដៅថ្នាក់ស្រុក ឃុំ ។ លោកជំទាវក៏សូមលើកទឹកចិត្តបន្តជួយផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋហ៊ានរាយការណ៍ដើម្បីងាយស្រួលដោះស្រាយទាន់ពេលធ្វើឱ្យសង្គមយើង សហគមន៍យើងទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងរីកចម្រើន ហើយការពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីឱ្យទទួលបានចំណេះដឹងពីទិដ្ឋភាពទូទៅ និងផលប៉ះពាល់នៃគ្រឿងញៀន ចូលរួមទប់ស្កាត់បាននូវការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងគ្រួសារនិងសហគមន៍។


ជាមួយគ្នានេះដែរ វាគ្មិនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមាន ឯកឧត្តម ឯម ហ៊យ ឧត្តមសេនីយ៍ត្រី យិន យឿត ឧត្តមសេនីយ៍ត្រី ឈិន ភូមា លោកវរៈសេនីយ៍ត្រី ចាន់ ផានិត បានបញ្ជាក់ជូនថា សិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹងពី អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ។ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន តួនាទីរបស់មាតាបិតា ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ការចូលរួមមាតាបិតាក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។ ទីតាំងនៃការផ្ដល់សេវាព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការទាញនិងប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrug ដើម្បីចំណេះដឹង ព័ត៌មាន កម្សាន្ត អប់រំ ព្យាបាល រាយការណ៍យកគ្រឿងញៀនញពីសហគមន៍ https://nodrugsnacd.com/download_kh តាមរយ:លទ្ធផលតេស្តមុន និងក្រោយការបណ្តុះបណ្តាល៕

ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





