នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាជឿជាក់ថា អង្គការមួយនេះនឹងបន្តភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥-- លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានថ្លែងបញ្ជាក់ថា ទោះបីជាបេសកកម្មរបស់លោកស្រីនៅប្រទេសកម្ពុជាឈានមកដល់ទីបញ្ចប់ក្តី ក៏លោកស្រីជឿជាក់ថា អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបន្តភាពជាដៃគូដ៏រឹងមាំជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាកុមារ និងយុវជនគ្រប់រូប ជាពិសេសក្មេងស្រីទទួលបាននូវសិទ្ធិពេញលេញ និងឱកាសដើម្បីអភិវឌ្ឍន៍សក្តានុពលរបស់ពួកគេ។ ការបញ្ជាក់របស់លោក ស្រី គ្វីននេត វ៉ង យ៉ាងដូច្នេះ ក្នុងឱកាសដែលលោកស្រីចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួង នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។

លោកស្រី គ្វីននេត វ៉ង បានលើកឡើងថា អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើការក្នុងការចូលរួមលើកកម្ពស់សិទ្ធិកុមារ និងដើម្បីសមភាពក្មេងស្រី ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរ។ អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមកម្មវិធីរបស់ខ្លួននៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ហើយលោកស្រីបានបំពេញបេសកកម្មនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៩ មកទល់ពេលបច្ចុប្បន្ននេះ។

ក្នុងជំនួបនេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការភ្លែនអន្តរជាតិ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍គុណភាពអប់រំ និងធនធានមនុស្សក្នុងប្រទេសកម្ពុជានាពេលកន្លងមក និងសង្ឃឹមជឿជាក់ថា ក្រសួងអប់រំ និងអង្គការនឹងនៅតែបន្តរក្សានូវកិច្ចសហប្រតិបត្តិការដ៏ល្អនេះតទៅមុខទៀត ព្រមទាំងបានជូនពរដល់លោកស្រី គ្វីននេត វ៉ង ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការបំពេញតួនាទីជាថ្នាក់ដឹកនាំថ្មីនៅការិយាល័យសកលនៃអង្គការភ្លែនអន្តរជាតិនាពេលខាងមុខ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានចាប់ផ្តើមកម្មវិធីរបស់ខ្លួនតាំងពីឆ្នាំ២០០២មក ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ ការការពារកុមារ និងការផ្តល់ឱកាសដល់យុវជន ជាពិសេសក្មេងស្រីឱ្យទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្នគឺជាកិច្ចដ៏មានសារៈសំខាន់ ដោយកម្មវិធី និងគម្រោងនានាដែលអង្គការភ្លែនបានអនុវត្តសុទ្ធតែបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបានរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យអប់រំរបស់រាជរដ្ឋាភិបាល៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





