ប្រធានសមាគមក្លិបទេសចរណ៍សៀមរាបថា ការបណ្តុះបណ្តលយុវជនលើជំនាញវិជ្ជាជីវៈជាការចូលរួមកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក
AKP សៀមរាប ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៥--
សមាគមក្លិបទេសចរណ៍សៀមរាប (STC) បានបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃជាលើកទី៣ ដល់យុវជន ចំនួន២០០នាក់ លើជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។
លោក សែត កៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប (STC) បានលើកឡើងថា ការបណ្តុះបណ្តាលនេះ ជាការចូលរួមជាមួយជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុក។ វិបត្តិជំងឺកូវីដ១៩បានធ្វើឱ្យវិស័យទេសចរណ៍ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងខេត្តសៀមរាប។ ដោយសារការណ៍នេះ កម្លាំងពលកម្មជំនាញៗក្នុងវិស័យមួយនេះបានចាកចេញទៅរកការងារនៅទីកន្លែងផ្សេងៗអស់មួយចំនួនធំ។ លោកបន្ថែមថា បន្ទាប់ពីកម្ពុជា បានឆ្លងផុតពីការរាតត្បាតរបស់ជំងឺដ៏កាចសាហាវ និងបានបើកប្រទេសឡើងវិញ វិស័យទេសចរណ៍របស់ខេត្តសៀមរាប ក៏បានរីកចម្រើនជាបន្តបន្ទាប់។ លោកប្រធានបន្តថា ការចាប់ផ្តើមដំណើរការឡើងវិញនេះ ក៏បានធ្វើឱ្យខេត្តសៀមរាប ជួបប្រទះនឹងកង្វះកម្លាំងពលកម្មជំនាញដែលបម្រើការក្នុងវិស័យមួយនេះ ដែលទាមទារឲ្យមានការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញថ្មីៗជាបន្ទាន់បន្ថែមទៀត។

លោក សែត កៅ បានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ សមាគមបានបណ្តុះបណ្តាលយុវជនចំនួន៣០០នាក់ ដែលពួកគេមួយភាគធំមកពីគ្រួសារក្រីក្រ គ្រួសាររងហានិភ័យ ក្នុងខេត្តសៀមរាប។ ចំណែកនៅឆ្នាំ២០២៤ សមាគមបានបណ្តុះបណ្តាលយុវជនក្នុងខេត្តសៀមរាបបានចំនួន២០០នាក់ ហើយនៅឆ្នាំ២០២៥ ដែលជាវគ្គទី៣នេះ សមាគមក៏មានយុវជនមកពី១៣ក្រុងស្រុក ក្នុងខេត្តសៀមរាប ចំនួន២០០នាក់ មកទទួលការបណ្តុះបណ្តាលនេះដែរ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៨ខែ ដោយ៤ខែសិក្សាទ្រឹស្តីក្នុងសាលា និង៤ខែចុះអនុវត្តផ្ទាល់នៅតាមបណ្តាទីតាំងអាជីវកម្មនានាដែលជាដៃគូសហការ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមក្លិបទេសចរណ៍សៀមរាប ដែលបានរៀបចំនូវវគ្គបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ចនេះឡើង ជូនដល់យុវជនគ្រួសារក្រីក្រនៅតាមតំបន់ជនបទ បាន២វគ្គមកហើយទទួលបានជោគជ័យ និងបានលើកផងដែរថា វិស័យទេសចរណ៍គឺជាជន្ទល់កំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដែលជាឧស្សាហកម្មគ្មានផ្សែង និងបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សំខាន់បានបង្កើនការងារជាច្រើន ដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានអត្ថប្រយោជន៍ និងបង្កើតឱកាសការងារដល់យុជនកម្ពុជា ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និង មានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងចូលរួមគាំទ្រក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា សំខាន់ផ្នែកបដិសណ្ឋារកិច្ច តាមរយៈការគាំទ្រផ្តល់ថវិកា ដល់វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច និងទេសចរណ៍ បានដំណើរទៅដោយរលូន ទាំងវិស័យឯកជន សមាគមន៍ឧស្សហកម្មទេសចរណ៍នានាទូទាំងប្រទេស សំដៅរួមគ្នាស្តារឡើងវិញនូវសម្បទវិជ្ជាជីវះទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ-១៩។ ការបណ្តុះបណ្តាលមុខជំនាញ បដិសណ្ឋារកិច្ចដល់អ្នកជំនាញថ្មីៗ ដើមី្បបញ្ចូលទៅក្នុងទីផ្សារវិស័យ ទេសចរណ៍ ដូចតួយ៉ាងនៃវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ចដល់យុវជនទាំង ២០០នាក់ ដែលបានជ្រើសរើសមកពីបណ្តាក្រុង-ស្រុកទាំង១៣នៃខេត្តសៀមរាប ក៏ដូចមកពីបណ្តាខេត្តផ្សេងៗ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តោតទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍៕
ដោយ ឃុត សៅ





