ក្រុមការងារស្រាវជ្រាវគម្រោង CaPFish Aquaculture កំពុងពិសោធន៍ស៊ីជម្រៅដែលផ្តោតលើការចិញ្ចឹមត្រី ដែលមានតម្លៃសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥-- តាមរយៈគម្រោងខាបហ្វីស អាក្វ័រខាល់ឆ័រ CaPFish Aquaculture ក្រុមការងារស្រាវជ្រាវកំពុងអនុវត្តការពិសោធន៍ស៊ីជម្រៅដែលផ្តោតលើការចិញ្ចឹមត្រីដែលមានតម្លៃសេដ្ឋកិច្ចដូចជា ត្រីប្រា ត្រីពោធិ៍ និងត្រីខ្យា។ នេះបើតាមការឱ្យដឹងពីគម្រោង CaPFish Aquaculture នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។

ការពិសោធន៍គម្រោងខាបហ្វីស អាក្វ័រខាល់ឆ័រ CaPFish Aquacultureនេះ ពាក់ព័ន្ធនឹងការសាកល្បងប្រើប្រាស់របបអាហារ និងវិធីសាស្រ្តផ្តល់ចំណីថ្មីៗដែលផ្អែកលើគោលការណ៍ប្រពលវប្បកម្មអេកូឡូស៊ីសមស្របសម្រាប់ប្រព័ន្ធផលិតកម្មត្រីចិញ្ចឹមក្នុងបែ និងត្រីចិញ្ចឹមក្នុងស៊ង។ ការពិសោធន៍សាកល្បងរបស់យើង គឺពាក់ព័ន្ធនឹងការប្រើប្រាស់ចំណីរោងចក្រ (ចំណីបាវ) ដែលមានកម្រិតប្រូតេអ៊ីនខុសៗគ្នាជាពិសេសសម្រាប់ប្រភេទត្រីប្រា។ ការសាកល្បងត្រូវបានធ្វើឡើងនៅក្នុងបែចំពោះប្រភេទត្រីស៊ីរុក្ខជាតិប្លង់តុងជាអាហារដូចជា ត្រីកាបស ត្រីព្រលូង ត្រីគ្រំជាដើម។ ទន្ទឹមនឹងនេះ គម្រោង CaPFish Aquacultureរបស់យើងក៏បានសាកល្បងលើការចិញ្ចឹមប្រភេទត្រីប្រាតែមួយមុខ ក៏ដូចជាការចិញ្ចឹមត្រីពោធិ៍ និងត្រីខ្យានៅក្នុងស៊ងផងដែរ ។

ការពិសោធន៍ទាំងនេះ មានសារៈសំខាន់ក្នុងការជំរុញដល់ការអភិវឌ្ឍវារីវប្បកម្មប្រកបដោយចីរភាព និងប្រសិទ្ធភាពនៅកម្ពុជា។ ខាបហ្វីស អាក្វ័រខាល់ឆ័រ ប្តេជ្ញានាំមកនូវវារីវប្បកម្មប្រកបដោយចីរភាព និងបរិយាបន្ននៅកម្ពុជា៕


ដោយ ណយ នឿន (ប្រភព៖ គម្រោង CaPFish Aquaculture)





