កត្តាអាកាសធាតុធ្វើឱ្យទុរេនភ្នំវល្លិ៍យឺតយ៉ាវក្នុងការប្រមូលផល
AKP កែប ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥-- ម្ចាស់ចម្ការទុរេនដ៏ធំមួយកន្លែងនៅតំបន់ភ្នំវល្លិ៍ ស្រុកដំណាក់ចង្អើរ ខេត្តកែប បានបញ្ជាក់ថា ដោយសារឆ្នាំមុនមានរលកកម្តៅខ្ពស់ធ្វើឱ្យដំណាំទុរេនភ្នំវល្លិ៍ មិនសូវល្អ ទើបនៅឆ្នាំនេះការចេញផ្លែផ្កា និងការប្រមូលផល មានភាពយឺតយ៉ាវ អាចរង់ចាំរហូតដល់ចុងខែឧសភានេះ។ ហើយបើតាមការប៉ាន់ស្មាន ទិន្នផលឆ្នាំនេះប្រហាក់ប្រហែលនឹងឆ្នាំមុន ដោយសារឆ្នាំនេះមានភ្លៀងច្រើន ធ្វើឱ្យទុរេនមិនសូវកាន់ផ្លែ។
លោក ឡៅ វេងស្រេង កូនម្ចាស់ចម្ការទុរេនដ៏ធំមួយនៅតំបន់ភ្នំវល្លិ៍ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ថា ជាទូទៅទុរេនចេញផ្កា និងផ្លែនៅខែវិច្ឆិកា ឬខែធ្នូ ហើយត្រូវទុំនៅខែមេសា ឬដើមខែឧសភា ប៉ុន្តែដោយសារកត្តាអាកាសធាតុឆ្នាំនេះ ចម្ការទុរេនលោកមានការយឺតយ៉ាវក្នុងការប្រមូលផល ត្រូវរង់ចាំយ៉ាងហោចដល់ចុងខែឧសភាទៅ។


ម្ចាស់ចម្ការរូបនោះបានធ្វើការប៉ាន់ស្មានថា ទិន្នផលទុរេនចម្ការលោកឆ្នាំនេះ ប្រហាក់ប្រហែលនឹងឆ្នាំមុន ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងច្រើន ធ្វើឱ្យផ្លែទុរេនជ្រុះអស់មួយចំនួន។ លោកក៏បានបង្ហាញអំពីលក្ខណៈពិសេសរបស់ទុរេនភ្នំវល្លិ៍ថា សាច់មានពណ៌លឿង ស្អិតរមួត ក្លិនឈ្ងុយខុសពីទុរេនដទៃ ហូបមិនក្តៅក ហើយតម្លៃលក់ក៏កាន់តែសមរម្យបំផុត។


ម្ចាស់ចម្ការបានបញ្ជាក់ថា លោកត្រូវការជំនួយបច្ចេកទេសថែទាំទុរេន ពិសេសបច្ចេកទេសធ្វើឱ្យទុរេនមានសុខភាពល្អ និងទទួលបានទិន្នផលច្រើន ហើយបើអាចមានវិធីសាស្ត្រ ធ្វើឱ្យទុរេនផ្លែខុសរដូវបានតាមបច្ចេកទេស ដោយមិនប៉ះពាល់ដល់គុណភាព និងដើមទុរេនមានសុខភាពទៀតនោះកាន់តែប្រសើរ៕
ដោយ ប្រាក់ លាង





