ឯកឧត្តម រស់ វណ្ណា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការងារនៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការងារនៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានសមាសភាពចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមនាយកគម្រោង លោកអគ្គនាយករង ប្រធានគម្រោង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។

ការចុះពិនិត្យនេះគឺធ្វើឡើងដើម្បីចុះត្រួតពិនិត្យ ប្រគល់-ទទួល អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលត្រូវប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដើម្បីប្រតិបត្តិការ គ្រប់គ្រង និងថែទាំបន្ត។

សូមបញ្ជាក់ថា អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ឆ្នាំងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនេះមានភូមិសាស្ត្រស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានចុះកិច្ចសន្យាសាងសង់កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដែលគ្រោងសាងសង់មានរយៈពេលចំនួន៣០ខែ និងបញ្ចប់នៅខែមករា ឆ្នាំ២០២៥៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)





