ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុន្នីជ័យខេត្តកំពង់ស្ពឺបើកវេទិការសាធារណៈ
AKP កំពង់ស្ពឺថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥--
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុន្នីជ័យបានរៀបចំវេទិកាសាធារណៈនាព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២៥នៅក្រោមអធិបតីភាពឯកឧត្តម ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគី្គមុនីជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុន្នីជ័យមានចូលរួមពី លោក លោកស្រីនាយក នាយករងទីចាត់ការសាលាខេត្ត លោកអភិបាលស្រុក តំណាងមន្ទីរពាក់ព័ន្ធ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋចូលរួមប្រមាណ ២៦០នាក់។

ឯកឧត្តម ហន ភក្តី បានមានប្រសាសន៍ថា អង្គវេទិការនាថ្ងៃនេះបានផ្តោតសំខាន់លើការបញ្ចេញមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋដើម្បីដោះស្រាយរាល់ទុកកង្វល់ និងបញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់បងប្អូន នេះជាឱកាសរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួមដើម្បីបញ្ចេញនូវមតិនិងទុកកង្វល់នានាពាក់ព័ន្ធពីបញ្ហាសន្តិសុខ និងការប្រកបរបរទទួលទានរបស់បងប្អូន ដើម្បីអង្គវេទិការធ្វើការដោះស្រាយជូនតាមសំណូមពរក៏ដូចជាស្នើទៅសុំរាជរដ្ឋាភិបាលដើម្បីដោះជូនបន្ត។

ឯកឧត្តមអភិបាលរងខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីក្នុងសាលាស្រុកសាមគ្គីមុន្នីជ័យផ្ទាល់ ត្រូវរួមគិត រួមធ្វើ ហើយបន្តពង្រឹងសមត្ថភាពការងារ ចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ។


បន្ទាប់ពីបានស្តាប់នូវសំណូមពរទាំងនោះរួចមក ឯកឧត្តម ហន ភក្តី បានឆ្លើយតប និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗចំពោះបញ្ហាដែលអាចដោះស្រាយបាននៅនឹងកន្លែង។ ចំពោះបញ្ហាដែលត្រូវការការសិក្សាបន្ថែម និងមានលក្ខណៈស្មុគស្មាញ ឯកឧត្តមបានសន្យាថានឹងយកសំណើរសំណូមពរទាំងនេះទៅពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្របជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុត។


វេទិកាសាធារណៈនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងពោរពេញដោយក្តីសង្ឃឹម។ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបានសម្តែងនូវការពេញចិត្តចំពោះការយកចិត្តទុកដាក់ និងការឆ្លើយតបយ៉ាងរហ័សរបស់ឯកឧត្តម អភិបាលរងខេត្តនិង ក្រុមការងារទាំងអស់។ ពួកគេបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា រាល់បញ្ហា និងសំណូមពររបស់ពួកគេនឹងត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ និងដោះស្រាយជាបន្តបន្ទាប់ ដើម្បីកសាង ភូមិ ឃុំក្នុងស្រុកសាមគ្គីមុន្នីជ័យឱ្យកាន់តែរីកចម្រើនថែមទៀត៕
ដោយ ៖លឹម សាន្ត





