អាជ្ញាធរខេត្តសៀមរាបស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម
AKP សៀមរាប ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាព និងភាពធន់» នៅព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យមន្ទីរអង្គភាពជំនាញប្រតិបត្តិករទេសចរណ៍ ម្ចាស់សហគ្រាស អាជីវកម្ម កម្មករនិយោជិត និយោជកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ព្រមទាំងការអនុវត្តអនុលោមតាម ស្តង់ដារសេវាកម្ម អាស៊ាន ដើម្បីធានាឱ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាពនិងកាន់តែមាន ភាពទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនជាបន្តបន្ទាប់។ ជាពិសេសត្រូវបង្កើតនូវយន្តការឆ្លើយតបទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គម ជូនដល់កម្មករ កម្មការិនី និង យុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ។

មួយវិញទៀត ចំពោះបញ្ហាវិវាទការងារ សូមឱ្យបងប្អូនយើងមានការអត់ធ្មត់ធ្វើការដោះស្រាយដោយសន្តិវិធី តាមនីតិវិធីច្បាប់ស្តីពីការងារ ដែលមានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកសម្របសម្រួល ជៀសវាងការធ្វើបាតុកម្ម កូដកម្មនៅតាមទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ ខេត្តរបស់យើង ឬការបាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនផងដែរ។

លោកអភិបាលរងខេត្តបានលើកឡើងដែរថា ការជ្រើសយកប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់»នេះគឺជាការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់កម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

សូមរំលឹកថា ទិវាពលកម្មអន្ដរជាតិគឺជាទិវាថ្ងៃឈប់សម្រាកមួយ ដែលបណ្ដាលប្រទេសជាច្រើនជាង៨០ប្រទេស ទូទាំងពិភពលោក ប្រារព្ធឡើងដើម្បីរំឭក និងឧទ្ទិសដឹងគុណ ដល់វីរភាពដ៏អង់អាចក្លាហាននៃកម្មករ កម្មការនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល៕
ដោយ ឃុត សៅ





