កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបន្តសកម្មភាពសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបដូចភ្លៀងរលឹម
AKP កំពង់ធំ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពសហការជាមួយកងកម្លាំងចម្រុះក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ដើម្បីការពារធនធានមច្ឆជាតិសម្រាប់សង្គមជាតិយើងទាំងមូលនិងបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាជាង១៧ លាននាក់នៅពេលបច្ចុប្បន្ន និងទៅអនាគត។

នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោក វរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង បានដឹកនាំកងកម្លាំងចម្រុះធ្វើសកម្មភាពបង្ក្រាបបទល្មើសជាក់ស្ដែងនៅតំបន់ចាប់ពីជ្រោយវែងដល់ចុងព្រែកតាសោម ក្នងភូមិសាស្ត្របឹងទន្លេសាបឃុំផាត់សណ្តាយស្រុកកំពង់ស្វាយខេត្តកំពង់ធំដោយបានបង្ក្រាបឧបករណ៍បទល្មើសនេសាទខុសច្បាប់រួមមាន៖ អួនក្រញឹកខុសទំហំដែលច្បាប់បានកំណត់ចំនួន០១របាំងមានប្រវែង២៥០ម៉ែត្រ ឡុកចំនួន២ឡុក លបចំនួន២មាត់។ បានរុះរើលបលូខុសទំហំក្រឡាកំណត់បានចំនួន៦មាត់ បំផ្លាញអួនស្បៃមុងដែលច្បាប់បានហាមឃាត់បានចំនួន ៣ របាំង មានប្រវែង ៣០០ ម៉ែត្រនិងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចការលំបាកនឿយហត់ ក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដើម្បីផលប្រយោជន៍របស់សង្គមជាតិយើង និងប្រជាជនកម្ពុជាទាំងមូលនិងបានដាក់បទបញ្ជាដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះឱ្យដូចភ្លៀងរលឹមបន្តទៀត ដោយគ្មានការដកថយឡើយ ធ្វើយ៉ាងណាកុំឱ្យមានការកើតឡើងនូវបទល្មើសនេសាទខុសច្បាប់ដដែលៗ កើតឡើងជាថ្មីទៀតបានឡើយ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





