ប្រធាន ADB អំពាវនាវឱ្យមានសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ
AKP ថ្ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ភាពមិនប្រាកដប្រជាដែលកំពុងប្រឈមមុខដោយអាស៊ី និងប៉ាស៊ីហ្វិកក៏ជាឱកាសមួយក្នុងការកសាងអនាគតឱ្យកាន់តែធន់ និងមាននិរន្តរភាពផងដែរ ។ នេះបើតាមប្រសាសន៍ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Masato Kanda ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៨ នៃក្រុមប្រឹក្សាភិបាលរបស់ ADB នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី។
លោក Kanda បានមានប្រសាសន៍ថា៖ «ការ ប៉ះទង្គិចពីខាងក្រៅ បន្ទុកបំណុល និងការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលយ៉ាងខ្លាំងលើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងតំបន់។ ប៉ុន្តែយើងមិនមែនចាប់ផ្តើមពីចំណុចសូន្យនោះទេ។ កំណើននៅតែរឹងមាំ ការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ខ្សែច្រវាក់ផ្គត់ផ្គង់កំពុងមានពិពិធកម្ម ហើយការតភ្ជាប់បណ្តាញឌីជីថលនិងនវានុវត្តន៍កំពុងបង្កើនល្បឿន។ ភាពមិនប្រាកដប្រជាមិនមែនជាហេតុផលសម្រាប់ការដកថយនោះទេ។ វាគឺជាការជំរុញឱ្យមានភាពក្លាហាន ការឈានទៅមុនឱ្យលឿន និងកិច្ចសហការជិតស្និទ្ធជាងមុន។»
ក្នុងកិច្ចប្រជុំនេះ ប្រតិភូជាង ៥ 000 នាក់បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនេះនៅទីក្រុង មីឡាន ប្រទេសអ៊ីតាលី ដែលរួមមានតំណាងរដ្ឋាភិបាលនានា រួមទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកជំទាវ Giorgia Meloni វិស័យឯកជន សង្គមស៊ីវិល និងផ្នែកសិក្សាស្រាវជ្រាវ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីតាលី ឯកឧត្តម Giancarlo Giorgetti និងទេសាភិបាលធនាគារកណ្តាលអ៊ីតាលី និងជាប្រធានក្រុមប្រឹក្សាភិបាល ADB ឯកឧត្តម Fabio Panetta ក៏បានថ្លែងសន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំនេះដែរដោយសង្កត់ធ្ងន់លើភាពជាដៃគូរបស់ប្រទេសអ៊ីតាលីជាមួយ ADB ។

ឯកឧត្តម Giorgetti បានថ្លែងថា៖ «កិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រឹង នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងកាន់តែខ្ពស់ និងប្រកបដោយនិរន្តរភាព ដោយជៀសវាងនូវការបង្កហានិភ័យអវិជ្ជមាន ព្រមទាំងកាត់បន្ថយផលវិបាកដែលវាអាចបង្កឡើង។ ក្នុងនាមជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេ និងជាដៃគូដែលគួរឱ្យទុកចិត្តនៅអាស៊ី និងប៉ាស៊ីហ្វិក ADB បាននិងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នាជាមួយសមាជិក និងដៃគូរបស់ខ្លួន ទាំងក្នុងនិងក្រៅ តំបន់។»
កិច្ចប្រជុំប្រចាំឆ្នាំនេះ បង្ហាញពីចំណុចផ្តោតសំខាន់ចំនួនបួន ដែលជាគន្លឹះក្នុងការជំរុញការផ្លាស់ប្តូរទៅរកភាពរីកចម្រើននៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។
ទីមួយ ដើម្បីដោះស្រាយភាពងាយរងគ្រោះនៃប្រព័ន្ធស្បៀងក្នុងតំបន់ ADB នឹង (https://www.adb.org/km/news/adb-support-food-security-reach-40-billion-2030)បង្កើនការផ្តល់ហិរញ្ញប្បទានសម្រាប់ជំរុញប្រព័ន្ធស្បៀងដល់ ៤0 ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០។ (https://www.adb.org/km/news/adb-support-food-security-reach-40-billion-2030)
ទីពីរ ADB កំពុងវិនិយោគលើបច្ចេកវិទ្យាឌីជីថល ដើម្បីកែលម្អលទ្ធភាពទទួលបានការអប់រំ ហិរញ្ញវត្ថុ និងទីផ្សារ។
ទីបី ADB កំពុងវិនិយោគលើការធ្វើទំនើបកម្ម និងការតភ្ជាប់ប្រព័ន្ធថាមពល រួមទាំងការត្រៀមខ្លួនផ្តល់ការគាំទ្ររហូតដល់ ១0 ពាន់លានដុល្លារ សម្រាប់បណ្តាញថាមពលក្នុងតំបន់អាស៊ាន។
ទីបួន ADB កំពុងពង្រីកការវិនិយោគឱ្យកាន់តែស៊ីជម្រៅ ដើម្បីកសាងភាពធន់តាមរយៈការពង្រឹង ហេដ្ឋារចនាសម្ព័ន្ធ ការស្ដារនិងការពារប្រព័ន្ធអេកូឡូស៊ី និងការជួយសហគមន៍ដែលងាយរងគ្រោះសម្រប ខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ADB ក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនការអភិវឌ្ឍវិស័យឯកជនក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជនបន្ថែមចំនួនបួនដងឱ្យដល់ ១៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ ត្រឹមឆ្នាំ ២០៣០៕
ដោយ៖ រិទ្ធី, ប្រភព៖ ADB




