រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីបរិច្ចាគឈាមក្រោមប្រធានបទ ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់
AKP ព្រះវិហារ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥
ក្រោមប្រធានបទដ៏មានអត្ថន័យ "ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់" រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដ៏ឱឡារិក ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់ឈាមជូនដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ និងជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ក៏ដូចជាអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងការព្យាបាល។ ពិធីនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទព្រះវិហារ នៃអគាររដ្ឋបាលសាលាខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ថា "ក្លឹបនៃក្តីស្រឡាញ់" បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញយុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមគាំទ្រគោលដៅបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ១០០% របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ហើយសកម្មភាពនេះ មិនត្រឹមតែលើកកម្ពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃប៉ុណ្ណោះទេ ថែមទាំងពង្រឹងនូវសុវត្ថិភាព និងនិរន្តរភាពឈាម សម្រាប់សង្គ្រោះជីវិតមនុស្សផងដែរ។ ឯកឧត្តមអភិបាលខេត្ដបានលើកឡើងថា ការបរិច្ចាគឈាម គឺជាទង្វើដ៏មានតម្លៃដែល បង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្ត ទុកដាក់ចំពោះសង្គម។ ឯកឧត្ដមបានបន្ដថា ឈាមដែលបានបរិច្ចាគនឹងត្រូវប្រើប្រាស់សម្រាប់ការវះកាត់ ព្យាបាលជំងឺធ្ងន់ធ្ងរ និងសង្គ្រោះជីវិតអ្នកជំងឺ ដូចជា ជំងឺមហារីក ជំងឺឈាម អ្នកជំងឺដែល រងរបួសធ្ងន់ និងស្ត្រីឆ្លងទន្លេជាដើម។

ឯកឧត្តមអភិបាលខេត្ដបានបញ្ជាក់បន្ថែមថា "ក្លឹបនៃក្តីស្រឡាញ់" ប្តេជ្ញាបន្តរៀបចំកម្មវិធី បរិច្ចាគឈាមជាប្រចាំ ដើម្បីបំពេញតម្រូវការឈាមនៅក្នុងមន្ទីរពេទ្យ។

សូមបញ្ជាក់ថា កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ២០០នាក់ ក្នុងនោះ មានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន ១៤១នាក់ ស្រី៣៥នាក់ ខណៈអ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគ មានចំនួន ៣៦ នាក់ ស្រី ២៦ នាក់។ សម្រាប់ឈាមដែលប្រមូលបានមានចំនួន ៨៤ សាក់ ដែលមានក្រុមឈាម O+ ចំនួន ២៦ សាក់, AB+ ចំនួន ៦ សាក់, A+ ចំនួន ១៦ សាក់ និង B+ ចំនួន ៣៦ សាក់៕
ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ




