ពិធីបិទផ្សាយឯកសារនៃការវិនិច្ឆ័យក្បាលដីជាលក្ខណ:ប្រព័ន្ធជូនប្រជាពលរដ្ឋគគីរធំ ស្រុកកៀនស្វាយ
AKP កណ្ដាល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥--
ភូមិចំនួន០២គឺភូមិកោះតេជោ និងភូមិកោះតេជោ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានក្បាលដីស្មើនឹង ២ ៥៣៧ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមកពិនិត្យ ផ្ទៀងផ្ទាត់រកពីភាពត្រឹមត្រូវពិតប្រាកដបើសិនជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទទ្រព្យទំហំដីត្រូវរាយការណ៍មកមន្ត្រីដែលនៅប្រចាំការក្នុងរយៈពេល១៥ថ្ងៃ បងប្អូនប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ឬតវ៉ាចំពោះចំណុចណាមួយដែលមិនត្រឹមត្រូវនឹងឆាប់បានចេញបណ្ណកម្មសិទ្ធជូន។

លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់ ហើយបងប្អូនដែលជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឱ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន២ភូមិនាពេលនេះជាការបិទផ្សាយលើកទី១៨ សម្រាប់ស្រុកកៀនស្វាយ និងជាលើកទី២៧៦សម្រាប់ខេត្តកណ្តាលទាំងមូល។ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេដឹកនាំវ័យក្មេងប្រកបដោយថាមពលមានទេពកោសល្យ និងបន្តនាំមកឱ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរមានស្ថិរភាព មានសន្តិភាពពិតប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្តមានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពជាដើម។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសន្តិភាពដែលរកមកបានដោយលំបាកនេះឱ្យនៅស្ថិតស្ថេរគង់វង្សទុកជូនកូនចៅរបស់យើងឱ្យបានយូរអង្វែងច្រើនជំនាន់ដើម្បីបន្តពង្រីកឱកាសអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។

តាមរបាយការណ៍របស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ស្រុកកៀនស្វាយបានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន១៨លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន០២ភូមិ គឺភូមិកោះតេជោ និងភូមិកោះតេជោ២ ឃុំគគីរធំ ស្រុកកៀនស្វាយ សរុបចំនួន ២ ៥៣៧ ក្បាលដី។

លោកអនុប្រធានមន្ទីរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានដីនៅក្នុងតំបន់ដែលបានធ្វើការបិទផ្សាយនាពេលនេះ សូមមកចូលរួមពិនិត្យទិន្នន័យឱ្យបានគ្រប់គ្នា ដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយមិនគិតពីថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកឡើយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




