កិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ -- លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ គណៈកម្មាធិការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុង យី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ លោក ហេង ដា តំណាងអង្គការRECOFTC លោក សោម សុភ័ក្រ្ត នាយកអង្គការកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) អភិបាលរងស្រុកបណ្ដាសហគមន៍ព្រៃឈើ និងសមាជិកផងដែរ។

លោក សោម សុភ័ក្រ្ត បានលើកឡើងថា បច្ចុប្បន្នខេត្តកំពង់ធំមានសហគមន៍ព្រៃឈើចំនួន៨៥កន្លែងគ្របដណ្តប់លើផ្ទៃដីព្រៃឈើ៧៦៦៧៧,៨៦ហិកតាស្ថិតក្នុងភូមិចំនួន១០៤ភូមិ ២៧ឃុំ ៦ស្រុក មានសមាជិកចំនួន១២៧៥៦គ្រួសារ ស្មើនឹង៣៥០៣៣នាក់ (ស្ត្រី១៧៨២០នាក់)។ ក្នុងដំណើរការធ្វើនិយ័តកម្មសហគមន៍ព្រៃឈើក្រសួងកសិកម្ម ប្រមាញ់ និងនេសាទ បានចេញប្រកាសទទួលស្គាល់ព្រៃសហគមន៍ចំនួន៧១កន្លែងគ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន ៦២២៩៣,៨៤ហិកតានិងបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាងប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំចំនួន៦៩សហគមន៍ មានផ្ទៃដីទំហំ៧៧១,៣៣ហិកតា និងចុះកិច្ចព្រមព្រៀងព្រៃសហគមន៍អាណត្តិទី២ ចំនួន៣៤សហគមន៍មានផ្ទៃដីទំហំ១៨១៤៥,១២ហិកតា។

ចំពោះការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ មកដល់បច្ចុប្បន្នមានសហគមន៍ចំនួន៤៥កន្លែងគ្របដណ្តប់លើផ្ទៃដីទំហំ២៥១៩៤ហិកតាកំពុងរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍របស់ខ្លួន ក្នុងនោះមានសហគមន៍ចំនួន៣៨កន្លែងគ្របដណ្តប់ផ្ទៃដីព្រៃទំហំ៩៦៧,៦៥ហិកតាត្រូវបានឯកភាពលើផែនការគ្រប់គ្រងរបស់ខ្លួនដោយរដ្ឋបាលព្រៃឈើ ដែលសហគមន៍ទាំងនេះត្រូវការជាចាំបាច់នូវការគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍របស់ខ្លួនបានចុះបញ្ជីព្រៃសហគមន៍រួចរាល់ចំនួន៦សហគមន៍ មានផ្ទៃដីទំហំ៨៥២០,៨៩ហិកតា។

លោក សោម សុភ័ក្រ្ត បានបន្ថែមទៀតថាលើសពីនេះទៀតមានសហគមន៍ចំនួន៤៣ បាន និងកំពុងអនុវត្តឥណទានសហគមន៍ព្រៃឈើដើម្បីគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ដែលមានទុនឥណទានសរុប១០៧១ ២៩៩០៤៦រៀលប្រមាណជា ២៦៧៨២៥ ដុល្លារ អាមេរិក(គិតត្រឹមដំណាច់ខែតុលាឆ្នាំ២០២៤)។ សហគមន៍ព្រៃឈើចំនួន ១៩សហគមន៍មានមូលនិធីអាណត្តិព្យាបាលភាពសហគមន៍ព្រៃឈើដែលមានដើមទុនសរុប៩៥០០០ដុល្លារអាមេរិកដែលក្នុង១សហគមន៍ មាន៥០០០ដុល្លារអាមេរិក (គិតត្រឹមខែតុលាឆ្នាំ២០២៤)។ សហគមន៍បានវិភាជន៍ថវិកាចំណូលពីក្រុមឥណទាននិងមូលនិធិអាណត្តិព្យាបាលភាព សម្រាប់អនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ដូចជាការល្បាតព្រៃការដាំកូនឈើ ថែទាំកូនឈើ ការធ្វើផ្លូវការពារភ្លើង ការដាក់ស្លាកសញ្ញា និងការពង្រឹងស្ថាប័នរបស់ខ្លួន។
លោកបានលម្អិតទៅលើទិន្នន័យមួយចំនួនដើម្បីចូលរួមអនុវត្តកម្មវិធីព្រៃឈើជាតិ និងអនុវត្តការងារសហគមន៍ព្រៃឈើឱ្យមានប្រសិទ្ធិភាព គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្ត (PCFPCC) ត្រូវបានបង្កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ក្រោមកិច្ចសម្របសម្រួលពីគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ(NCFNCC) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ធំ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ផ្នែក-សង្កាត់រដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើនិងអង្គការដៃគូ។ គណៈកម្មការនេះបានទទួលការគាំទ្រពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំចុះថ្ងៃទី២០ខែមករាឆ្នាំ២០១៦ តាមរយៈសេចក្តីសម្រេចលេខ ០០៧/១៦ស.ស.រនិងបានធ្វើបច្ចុប្បន្នភាព២លើកដែលលើកចុងក្រោយនេះនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ តាមរយៈសេចក្តីសម្រេចលេខ០៤៧/២២ ស.ស.រ។ ចំពោះមុខគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តនឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ឆ្នាំ២០២៥ដើម្បីសម្របសម្រួលការងារគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ព្រៃឈើនៅក្នុងខេត្តក្រោមជំនួយពីគម្រោង សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើហៅកាត់ថា(CASFor)ជាជំនួយរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការហៅកាត់ថា SDC ដឹកនាំអនុវត្តដោយ FAO តាមរយៈអង្គការ RECOFTC និងគម្រោង LAPNIR អនុវត្តដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) ក្រោមជំនួយពី SDC/IA-DCA និងអង្គការដៃគូនានាក្នុងខេត្ត។
ក្នុងឱកាសនោះ លោក ព្រឹម រដ្ឋា បានលើកឡើងអំពីគម្រោងនានា ផែនការសកម្មភាពនិងលទ្ធផលរំពឹងទុកនៃកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការគ្រប់គ្រងមូលនិធិអភិវឌ្ឍសហគមន៍និងពិភាក្សាពីយុទ្ធសាស្រ្តចូលរួមតាមដាន វាយតម្លៃការគាំទ្របច្ចេកទេសក្នុងការគ្រប់គ្រងមូលនិធិអភិវឌ្ឍសហគមន៍ព្រៃឈើ។ ស្តាប់មតិ និងរបាយការណ៍បណ្តាញសហគមន៍ព្រៃឈើនិងពិភាក្សាលើកិច្ចអន្តរាគមន៍នានា។ លទ្ធផលរំពឹងទុកសហគមន៍ព្រៃឈើ និងអ្នកពាក់ព័ន្ធទទួលបានព័ត៌មានអំពីគម្រោងនានាក្នុងការគាំទ្រដល់ការគ្រប់គ្រងសហគមន៍ព្រៃឈើនិងការចូលរួមធ្វើផែនការសកម្មភាព។ សហគមន៍ព្រៃឈើ និងអ្នកពាក់ព័ន្ធទទួលបានរបាយការណ៍អំពីមូលនិធិអភិវឌ្ឍន៍សហគមន៍ព្រៃឈើ បញ្ហាប្រឈមនិងចូលរួមរៀបចំផែនការតាមដានបន្ត។ អ្នកពាក់ព័ន្ធ និងសហគមន៍ព្រៃឈើចូលរួមធ្វើផែនការដោះស្រាយបញ្ហាក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ៕
ដោយ ស៊ុម វណ្ណា




