មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកទំនប់ថ្មី
AKPភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ -- លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកទំនប់ថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោក ប្រធាននាយកដ្ឋានវិស្វកម្ម បានមានប្រសាសន៍ថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារសរុបសម្រេចបានប្រមាណ ៤៥%។ ចំណែកឯ ការងារសំខាន់ៗរបស់គម្រោង រួមមាន៖ ទី១)ជួសជុលទំនប់អាងទឹកទំនប់ថ្មី ប្រវែង ២ ០០០ម៉ែត្រ ទី២)សាងសង់សំណង់ជើងទេរបេតុង ប្រវែង ៤០០ម៉ែត្រ ចំនួន ១កន្លែង ទី៣)សាងសង់សំណង់ទ្វារទឹក(ទ្វារ៣) ចំនួន ២កន្លែង និងទី៤)សាងសង់សំណង់ធ្នឹមក្រវាត់ថ្មក្រោយសំណង់បង្ហៀរទំនប់ថ្មី ប្រវែង ១៥៥ម៉ែត្រ ចំនួន ១កន្លែង។

លោក បញ្ជាក់បន្ថែមថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៤៩២ហិកតា រដូវប្រាំងចំនួន ២៧៩ហិកតា និងដំណាំរួមផ្សំចំនួន ៧៨ហិកតា សម្រាប់បងប្អូនប្រជាកសិករប្រមាណ ៤១៨គ្រួសារ ក្នុងភូមិចំនួន២ ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ឆ្លៀតក្នុងឱកាសនោះលោក ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)




