សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្ត នៅសប្ដាហ៍ក្រោយ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តនៅសប្ដាហ៍ក្រោយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា បញ្ហាគ្រួសារនិងការងារពិបាក បែងចែកពីគ្នាណាស់។ គិតតែពីគ្រួសារចោលការងារក៏មិនបាន ហើយគិតតែពីការងារចោលគ្រួសារក៏មិនបាន។ សម្ដេចតេជោបញ្ជាក់ថា៖ «សម្រាប់ខ្ញុំពេលនេះថ្ងៃទី០៣ និងថ្ងៃទី០៤ ខែឧសភា ខួប៥ឆ្នាំនៃមរណភាពម្តាយក្មេក ក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។ ថ្ងៃទី០៤ និងថ្ងៃទី០៥ ខែឧសភា ខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃទី០៥ ខែឧសភា សម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូណេស៊ី នៅម៉ោង៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូណេស៊ី នៅម៉ោង១១ថ្ងៃត្រង់(ក្នុងករណីគ្មានការកែប្រែ)។ នៅឥណ្ឌូណេស៊ី ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូណេស៊ី ទស្សនកិច្ចនិងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន នាល្ងាចថ្ងៃទី០៥ ខែឧសភា។ តាមការគ្រោងទុក ខ្ញុំនិងធ្វើបាឋកថាមួយទៀត នៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាទីក្រុងហ្សាកាតា នាព្រឹកថ្ងៃទី០៦ ខែឧសភា។ ថ្ងៃត្រង់ ថ្ងៃទី០៧ ខែឧសភាខ្ញុំនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្ត ដើម្បីទស្សនកិច្ចផ្លូវការ រហូតល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ទើបមកដល់កម្ពុជាវិញ។»
សម្ដេចតេជោប្រធានព្រឹទ្ធសភាបានបន្ថែមថា ថ្ងៃទី១០ ខែឧសភា មិនទាន់បានសម្រាកវាយកូនគោលទេ ព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះ គឺចូលរួមកាត់សក់ ចងដៃឱ្យចៅស្រីដែលជាកូនរបស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំ ដែលត្រូវរៀបការដែលខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។ ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថាពិបាកបែងចែករវាងការងារនិងបញ្ហាគ្រួសារ៕
ដោយ៖ ជឹម ណារី




