ប្រជាពលរដ្ឋចំនួន៦ភូមិ ស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
AKP កណ្ដាល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥--
នៅបរិវេណវត្តកែមូលី ស្ថិតនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣ ៨៦៨បណ្ណ ជូនប្រជាពលរដ្ឋចំនួន៦ភូមិ ស្ថិតនៅភូមិតាំងស្តុក ភូមិប្រាសាទ ឃុំឈ្វាំង ភូមិតាតូច ភូមិជ្រៃលាស់ ភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងកោតសរសើរសម្រាប់ប្រជាពលរដ្ឋក្នុងឃុំឈ្វាំង ឃុំភ្នំបាត និងឃុំជ្រៃលាស់ គឺជាប្រជាពលរដ្ឋល្អដែលមានទំនាស់ដីធ្លីតិចបំផុត ក្នុងការចេញបណ្ណកម្មសិទ្ធិជិត៤ពាន់បណ្ណ តែមានទំនាស់ត្រឹមតែ២ប៉ុណ្ណោះ ដែលនេះសបញ្ជាក់អោយឃើញថា ប្រជាពលរដ្ឋទាំង៣ឃុំនេះ គឺជាប្រជាពលរដ្ឋល្អដែលមិនមានទំនាស់ដីធ្លី។ ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ គឺមិនមានការបង់ប្រាក់នោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធកន្លងមក ក្រុមការងារបានធ្វើការចុះបញ្ជីជូនដោយមិនគិតថ្លៃសេវាឡើយ ហើយក្នុងករណីដែលដីធ្លីមានទំនាស់ នោះក្រុមការងារមិននៅរង់ចាំនោះទេ ហើយនៅពេលដែលបងប្អូនស្នើរសុំចុះបញ្ជីបំពេញបន្ថែម នោះបងប្អូននឹងត្រូវចំណាយនូវថវិកាផងដែរ។ ដីធ្លី បានចុះបញ្ជី មានបណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនរបស់កម្មសិទ្ធិករ។ ក្នុងន័យនេះ ដីធ្លី បានចុះបញ្ជី មានបណ្ណកម្មសិទ្ធ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ការចែកបណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។

ទន្ទឹមនឹងនេះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះចុះបញ្ជីបាន ៦៣ឃុំ/សង្កាត់ លើ ១២៧ ឃុំ សង្កាត់ នឹង ៥៥១ភូមិ លើ ១ ០១០ ភូមិ គឺស្មើនឹង ៥៥ភាគរយ នៃចំនួនភូមិសរុប ហើយថ្ងៃនេះគឺជាលើកទី២៣៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ចំនួន៦ភូមិ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋ ចំនួន៣៨៦៨បណ្ណ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




