លោក ឃ្លោក នួយ ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អបរិស្ថានក្រុងសិរីសោភ័ណ
AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥--លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងសិរីសោភ័ណ ដែលជាគម្រោងដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងសោភ័ណភាពទីក្រុង។

ដំណើរចុះពិនិត្យនេះផ្តោតសំខាន់លើទីតាំងយុទ្ធសាស្ត្រចំនួនបី រួមមាន៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ជុំវិញបឹងទន្លេសាប ទីតាំងជួសជុលផ្លូវឡើងវិញនៅខាងកើតផ្សារសិរីសោភ័ណ និងការរៀបចំចាក់បេតុងផ្លូវថ្មើជើងដ៏វែងចាប់ពីភ្លើងស្តុបផ្សាររាត្រី រហូតដល់រង្វង់មូលស្រីគ្រប់ល័ក្ខណ៍។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ បានស្តាប់របាយការណ៍លម្អិតពីក្រុមការងារជំនាញអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនានាដែលបានអនុវត្ត។ លោកបានកត់សម្គាល់ដោយយកចិត្តទុកដាក់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការជំរុញគម្រោងឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។ គម្រោងកែលម្អបរិស្ថានក្រុងនេះ គឺជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំដ៏ចក្ខុវិស័យរបស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងការកសាងទីក្រុងសិរីសោភ័ណឱ្យក្លាយជាទីក្រុងបៃតង ស្អាត និងមានបរិស្ថានរស់នៅល្អប្រសើរសម្រាប់ប្រជាពលរដ្ឋទាំងអស់។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងទឹកកខ្វក់ឱ្យបានត្រឹមត្រូវតាមរយៈអាងប្រព្រឹត្តកម្ម គឺជាផ្នែកដ៏សំខាន់ក្នុងការការពារប្រភពទឹកធម្មជាតិ និងសុខភាពសាធារណៈ។ ការជួសជុលផ្លូវ និងការសាងសង់ផ្លូវថ្មើជើង នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបង្កើតបរិយាកាសទីក្រុងដែលរស់រវើក និងទាក់ទាញ។ គិតមកទល់ពេលនេះ ក្រុមការងារបានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តគម្រោង។ ការងារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់កំពុងដំណើរការទៅមុខយ៉ាងរលូន ខណៈដែលការងារជួសជុលផ្លូវមួយចំនួនក៏ត្រូវបានបញ្ចប់ជាបណ្តើរៗ។ ចំពោះការរៀបចំចាក់បេតុងផ្លូវថ្មើជើងវិញ ក្រុមការងារកំពុងសិក្សាគូសប្លង់លម្អិត និងរៀបចំទីតាំងសម្រាប់ការដ្ឋានសាងសង់។

លោក ឃ្លោក នួយ បានណែនាំដល់ក្រុមការងារបន្តពន្លឿនការអនុវត្តគម្រោងដោយយកចិត្តទុកដាក់លើគុណភាព និងស្តង់ដារបច្ចេកទេស ដើម្បីធានាថាគម្រោងនេះនឹងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ និងគាំទ្រដល់ការអនុវត្តគម្រោងនេះ ដើម្បីភាពរីកចម្រើនរួមគ្នានៃទីក្រុងសិរីសោភ័ណ និងខេត្តបន្ទាយមានជ័យទាំងមូល។

ដំណើរចុះពិនិត្យនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានទីក្រុង ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត។ ប្រជាពលរដ្ឋក្នុងខេត្តមានក្តីសង្ឃឹមយ៉ាងមុតមាំថា គម្រោងទាំងនេះនឹងសម្រេចបានជោគជ័យ និងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ទីក្រុងសិរីសោភ័ណ និងខេត្តបន្ទាយមានជ័យទាំងមូល៕
ដោយ ឈុន សារ៉ាត





