សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតការងារគឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច
AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា ការបង្កើតការងារគឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យដល់ស្រុកក្រុងទូទាំងប្រទេស។

ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥នេះ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលគិតគូរតាំងពីការបង្កើតការងាររហូតដល់បៀវត្សនិងសុខុមាលភាពជូនកម្មករនិងពលរដ្ឋទូទៅដើម្បីជាប្រយោជន៍កាន់តែប្រសើរសម្រាប់ពង្រឹងកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសព្រឹកមិញនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ការបង្កើតការងារគឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាល ក្នុងអាទិភាព កំណើន ការងារ ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈ ការង្កើតលទ្ធភាពការងារឱ្យបានច្រើន ព្រោះកំណើនគិតជាភាគរយវាមាន កំណើនគឺថា កន្លែងខ្លះមិនចាំបាច់មានការងារទេ បើសេវាកម្ម ឬមួយកន្លែងខ្លះ គឺគេរុញទៅលើខាងរ៉ូបូត ខាងអីច្រើន គឺថាជំនួសមនុស្សច្រើន»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ដោយឡែកកម្ពុជា ការងារដែលយើងជំរុញចូល គឺប្រភេទការងារច្រើនណាស់ ផ្ដល់កម្លាំងពលកម្មដល់ប្រជាពលរដ្ឋរបស់យើង បរិមាណកាន់តែច្រើន ពង្រីកតាមរាជធានីខេត្តដែលយើងអាចរុញទៅបាន ស្រុកក្រុងមួយចំនួនតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងលើកទឹកចិត្តដល់វិនិយោគិនទៅទីនោះ មិនត្រឹមតែបរិមាណទេ គុណភាពបៀវត្ស ការងារដែលផ្ដល់បៀវត្សកាន់តែប្រសើរ ផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ក្រៅពីបៀវត្សកាន់តែប្រសើរ គិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ របស់ពលករ របស់កម្មករ កម្មការិនី ពង្រឹងការអនុវត្តច្បាប់ការងារ នេះហើយជាគោលដៅដែលយើងប្រារព្ធច្បាប់ការងារតាំងពី៧៩»។

សួមជម្រាបជូនថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុបាននិងកំពុងអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ និងសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែសរុបមានចំនួនជាង ១ លាន TEUs នៅក្នុងឆ្នាំ២០២៤ កើនឡើង ២៩,៣៨% និងចំណូលអាជីវកម្ម សរុបប្រមាណជាង ១២០លានដុល្លារអាម៉េរិក កើនឡើង ២៦,៦៣% បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន ១ ៥៦៦គ្រឿង កើនឡើង ៣,៩៨% ប៉ុន្តែចំណុះផ្ទុកនាវា មានរហូតដល់ប្រមាណជាង ២០លានតោន ដែលមានកំណើន ៥,៧៩%៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





