ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាអះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជាបានបន្តភាពរឹងមាំ
AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានថ្លែងអះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជាបានបន្តមានភាពរឹងមាំ និងបានរួមចំណែកដល់ការស្ដារឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចនៅដើមឆ្នាំ២០២៥នេះ ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចំនួន ៩៤,៦ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ៧,៧ភាគរយ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនមានចំនួន ៥៨,៦ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៦,២ភាគរយ និងឥណទានទៅកាន់វិស័យចម្បងៗមានចំនួន ៦០,៣ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣ភាគរយ។ ការអះអាងរបស់ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនូវការិយាល័យកណ្តាលធនាគារ ហត្ថា ម.ក ដែលមានកម្ពស់២២ជាន់ ស្ថិតក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៥នេះ។

ឯកឧត្តមទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ស្ថានភាពដើមទុនសន្ទនីយភាពរក្សាបានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងដោយកម្រិតខ្ពស់នៃអនុបាតសាធនភាព ២២,៣ភាគរយ សម្រាប់គ្រឹះស្ថានធនាគារ និង ២៥,៨ភាគរយ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកម្រិតខ្ពស់នៃអនុបាតក្របខ័ណ្ឌសន្ទនីយភាព ១៩៤,៨ សម្រាប់ធនាគារពាណិជ្ជ និង ១៨៣,៧ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រាប់ប្រាក់បញ្ញើ ហើយថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុជាលំដាប់ ដោយបច្ចុប្បន្នចំនួនគណនីប្រាក់បញ្ញើរបស់អតិថិជនបានកើនដល់ ២៧,២លានគណនី និងគណនីឥណទានអតិថិជនកើនដល់ ៤,៣លានគណនី។

បើតាមការបញ្ជាក់របស់លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានឱ្យដឹងថា ស្ថានភាពហិរញ្ញវត្ថុនៃធនាគាររបស់លោកនៅតែមានភាពរឹងមាំ ដោយអនុបាតសន្ទនីយភាពស្ថិតក្នុងស្ថិរភាពមួយល្អ ខណៈធនាគារមេរបស់ខ្លួនដែលមានមូលដ្ឋាននៅក្រៅប្រទេស នៅតែបន្តផ្តល់ទុនកម្រិតឥណទានរហូតដល់ជិត ៥០០លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ស្ថិរភាព និងការពង្រឹងសមត្ថភាពធនាគាររបស់ខ្លួន ដែលធ្វើឱ្យដើមទុននៃធនាគាររបស់ខ្លួននៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះកើនឡើងដល់ ២២០លានដុល្លារអាម៉េរិក ហើយថាភាពរឹងមាំនៃប្រព័ន្ធធនាគារនៅកម្ពុជាបាននាំឱ្យធនាគារ ហត្ថា ម.ក អាចពង្រីកផលិតផល និងសេវាកម្មផ្សេងៗ ដូចជា ការពង្រីកទីផ្សារគោលដៅទៅកាន់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតធំ និងអាជីវកម្មបន្ថែមលើអតិជនស្នូល។

ឆ្លើយតបទៅនឹងការរីកចម្រើនរបស់ធនាគារ ហត្ថា ម.ក ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានសម្តែងនូវការកោតសរសើរចំពោះធនាគារ ហត្ថា ម.ក ដែលបានចាប់ផ្តើមធ្វើប្រតិបត្តិការដំបូងត្រឹមជាអង្គការមិនមែនរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៤ ហើយបានក្លាយខ្លួនជាបន្តបន្ទាប់ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងឆ្នាំ២០១០ និងជាធនាគារពាណិជ្ជ ក្នុងឆ្នាំ២០២០ ដែលការវិវត្តខ្លួនជាបន្តបន្ទាប់នេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍកាន់តែប្រសើរនៃប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចនៅកម្ពុជា៕
ដោយ៖ ចាន់ សុភឿន





