មន្ទីរព័ត៌មានខេត្តកំពង់ធំរៀបចំកិច្ចប្រជុំប្រចាំខែមេសានិងលើកទិសដៅសម្រាប់ខែបន្ត
AKPកំពង់ធំថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥--លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥បានដឹកនាំកិច្ចប្រជុំប្រចាំខែមេសានិងលើកទិសដៅសម្រាប់ខែបន្តនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។

លោកស្រី ង៉ែត ណារីន បានលើកឡើងនូវរបៀបវារៈប្រជុំចំនួន៤រួមមាន÷១.វិន័យការងារគឺការងារកន្លងមកមើលឃើញថាមន្រ្តីយើងបានខិតខំប្រឹងប្រែងណាស់រហូតបានការលើកសរសើរនិងលើកទឹកចិត្តពីថ្នាក់ដឹកនាំ។ទទឹមនឹងនេះត្រូវពង្រឹងការងារនិងគោរពវិន័យការងារនិងបទបញ្ជាផ្ទៃក្នុងឱ្យបានត្រឹមត្រូវ។២.របាយការណ៍ប្រចាំខែសុំឱ្យការិយាល័យនីមួយធ្វើរបាយការណ៍ឱ្យបានជាក់លាក់និងស៊ីគ្នា។ការបង្ហោះផេក ជាពិសេសទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ធំត្រូវតែព័ត៌មានរាយការណ៍ដូចគ្នា។៣.ទិសដៅបន្ត ក្រុមសាធារណៈមតិសូមផលិតវីដេអូធ្វើបច្ចុប្បន្នភាពរយៈពេលមួយឆ្នាំពីសមិទ្ធផលនៃការរីកចម្រើនរបស់ខេត្តកំពង់ធំ ចុះផលិតវីដេអូ និងធ្វើបទយកការណ៍ឱ្យបានច្រើនទាក់ទងនឹងសក្តានុពលក្នុងមូលដ្ឋានខេត្ត ក្រុង ស្រុកឃុំ សង្កាត់និង៤.បញ្ហាផ្សេងៗ។

បន្ទាប់ពីបានស្ដាប់ការលើកឡើងជុំវិញបញ្ហាប្រឈមសំណូមពរនិង ដំណោះស្រាយដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការងាររបស់ខ្លួនឱ្យដំណើរការការងារដោយរលូនលោកស្រី ង៉ែត ណារីន បានបន្ថែមទៀតថាមន្រ្តីទាំងអស់ត្រូវតែពង្រឹងពីតួនាទីភារកិច្ចរបស់ខ្លួននិងមានការទទួលខុសត្រូវពីរបាយការណ៍និងផែនការមួយចំនួនដែលអនុវត្តកន្លងមកដើម្បីឱ្យមានភាពត្រឹមត្រូវនៅក្នុងការិយាល័យនីមួយៗ។ សម្រាប់ការងារអនុវត្តខែបន្ទាប់ទៀតត្រូវធ្វើរបាយការណ៍ប្រចាំខែរបស់ការិយាល័យនីមួយៗឱ្យបានទាន់ពេលវេលា។ ចុះផលិតវីដេអូខ្លីៗនិងបទយកការនៅតាមមូលដ្ឋានឱ្យបានច្រើន។

បង្កើនទំនាក់ទំនងជាមួយមន្ទីរអង្គភាពក្រុងស្រុកដែលមានព័ត៌មានចាំបាច់ក្នុងគោលបំណងតាមដាននិងក្តាប់ព័ត៌មាននៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ។

ក្រុមការងារសាធារណៈមតិត្រូវធ្វើការ វាយបកនៅរាល់ព័ត៌មានក្លែងក្លាយ បន្សាបព័ត៌មានមិនពិតក្នុងបណ្ដាញសង្គមនិងបង្ហោះសេចក្តីបំភ្លឺព័ត៌មាន តាមបណ្ដាញសង្គមនានា ដើម្បីធ្វើឱ្យមន្ទីរព័ត៌មានខេត្តកំពង់ធំសម្រេចបាននូវសមិទ្ធិផលជាច្រើនឆ្លើយតបនិងស្ថានភាពជាក់ស្ដែងដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មានឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតឆ្ពោះទៅវឌ្ឍនភាពនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងយុគ្គសម័យថ្មី៕

ដោយ៖ស៊ុម វណ្ណា





